យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាកែងដៃខ្មៅ ក្រិន និងគ្រើម គឺជាកង្វល់ដែលធ្វើឱ្យមនុស្សជាច្រើនបាត់បង់ទំនុកចិត្តនៅពេលស្លៀកពាក់បញ្ចេញដើមដៃ។ មូលហេតុចម្បងនៃបញ្ហានេះ គឺបណ្ដាលមកពីការកកិតខ្លាំង (ដូចជាទម្លាប់យកកែងដៃច្រត់តុ) ការគិតកោសិកាស្បែកចាស់ៗចោលមិនទាន់ និងកង្វះសំណើមព្រោះស្បែកត្រង់កែងដៃមានក្រពេញខ្លាញ់តិចតួចបំផុត។
ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព អ្នកអាចអនុវត្តតាមវិធីងាយៗ ៥ យ៉ាងដូចខាងក្រោម៖
ដំបូងបង្អស់គឺ ការថែរក្សាស្បែកពីខាងក្នុង ដោយការផឹកទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យស្បែកមានសំណើម និងទន់ល្មើយ។ អ្នកគួរញ៉ាំអាហារដែលសម្បូរវីតាមីន C, ម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់ល្អ ដូចជា ផ្លែប៊ឺ ត្រីសាម៉ុង គ្រាប់ធញ្ញជាតិ និងបន្លែបៃតង។ បន្ទាប់មក គឺត្រូវ កាត់បន្ថយការកកិត ដោយប្រើក្រណាត់ទន់ៗទ្រាប់កែងដៃនៅពេលធ្វើការ ឬហាត់ប្រាណ និងអាចពាក់អាវដៃវែងដើម្បីការពារស្បែកពីពន្លឺថ្ងៃ និងមល្លវិស័យខាងក្រៅ។
ការជ្រើសរើស ផលិតផលថែរក្សាស្បែកដែលគ្មានជាតិអាល់កុល ក៏ជារឿងសំខាន់ដែរ ព្រោះជាតិអាល់កុលធ្វើឱ្យស្បែកកាន់តែស្ងួត និងងាយខ្មៅស្រអាប់។ ផ្ទុយទៅវិញ អ្នកគួរ ផ្ដល់សំណើមដល់កែងដៃឱ្យបានទៀងទាត់ ដោយប្រើឡូស្យុងដែលមានសារធាតុ Moisterizer, ប្រេងដូង, ប្រេងអូលីវ ឬជែលប្រទាលកន្ទុយក្រពើ ដើម្បីបំប៉នស្បែកឱ្យមានភាពយឺត និងសខ្ចី។ ចំណុចចុងក្រោយដែលមនុស្សភាគច្រើនរំលង គឺ កុំឱ្យកែងដៃប៉ះទឹកយូរពេក ព្រោះការត្រាំទឹកយូរនឹងធ្វើឱ្យជាតិប្រេងធម្មជាតិលើស្បែកបាត់បង់ ដែលជាហេតុនាំឱ្យស្បែកកែងដៃស្ងួតក្រិន និងឡើងខ្មៅកាន់តែខ្លាំង។
ការអនុវត្តតាមតិចនិកទាំងនេះជាប្រចាំ នឹងជួយឱ្យស្បែកកែងដៃរបស់អ្នកប្រែជាទន់រលោង និងមានពណ៌សម្បុរស្មើគ្នាជាមួយស្បែកដទៃទៀត ដែលជួយបង្កើនភាពជឿជាក់ក្នុងការតុបតែងខ្លួនបានយ៉ាងប្រសើរ៕