យោងតាមការចុះផ្សាយពីប្រភពបរទេស តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះឈាមប្រហែល ២លីត្រក្នុងមួយថ្ងៃ ដើម្បីកម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយតាមរយៈទឹកនោម។
ការញ៉ាំទឹកបានគ្រប់គ្រាន់ជួយពង្រាវសារធាតុអ៊ុយរ៉េ និងសូដ្យូម ដែលកាត់បន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម ការឆ្លងមេរោគផ្លូវនោម និងការខូចតម្រងនោមរ៉ាំរ៉ៃ។ ជាទូទៅ គ្រូពេទ្យណែនាំឱ្យមនុស្សពេញវ័យដែលមានសុខភាពល្អ គួរញ៉ាំទឹកស្អាតឱ្យបានពី ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ ប៉ុន្តែបរិមាណនេះអាចប្រែប្រួលទៅតាមអាយុ សកម្មភាពរាងកាយ និងអាកាសធាតុ។ ចំពោះអ្នកដែលងាយនឹងកើតគ្រួសក្នុងតម្រងនោម គួរញ៉ាំទឹកឱ្យបានដល់ ៣ លីត្រ ដើម្បីជួយឱ្យរាងកាយបញ្ចេញទឹកនោមបានច្រើន និងលាងសម្អាតកាកសំណល់បានល្អ។
អ្នកអាចដឹងថាខ្លួនឯងញ៉ាំទឹកបានគ្រប់គ្រាន់ឬអត់ ដោយគ្រាន់តែសង្កេតមើលពណ៌ទឹកនោម ប្រសិនបើវាមានពណ៌លឿងខ្ចី ឬសថ្លា និងការបន្ទោបង់ពី ៦ ទៅ ៨ ដងក្នុងមួយថ្ងៃ មានន័យថារាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ហើយ។ ក្រៅពីទឹកស្អាត ភេសជ្ជៈដូចជា តែរុក្ខជាតិ ទឹកផ្លែឈើខ្វះស្ករ ឬសូម្បីតែកាហ្វេក្នុងបរិមាណសមល្មម ក៏រួមចំណែកផ្ដល់ជាតិទឹកដល់រាងកាយផងដែរ។ ទោះជាយ៉ាងណា អ្នកគួរចៀសវាងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងភេសជ្ជៈប៉ូវកម្លាំង ព្រោះវាមានសារធាតុផូស្វាតខ្ពស់ដែលនាំឱ្យខូចមុខងារតម្រងនោម។
ចំណុចសំខាន់ដែលត្រូវប្រុងប្រយ័ត្នគឺ អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ ឬកំពុងលាងឈាម ត្រូវតាមដានការញ៉ាំទឹកឱ្យបានហ្មត់ចត់បំផុតតាមការណែនាំរបស់គ្រូពេទ្យ ព្រោះការញ៉ាំទឹកច្រើនជ្រុលលើសសមត្ថភាពតម្រងនោមអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន៕