យោងតាមការចុះផ្សាយពីប្រភពបរទេស អាការៈដំបៅមាត់ ឬក្ដៅក្នុង គឺជាបញ្ហាសុខភាពតូចតាចតែបង្កការរំខានយ៉ាងខ្លាំងដល់ការរស់នៅ ជាពិសេសរាល់ពេលទទួលទានអាហារម្ដងៗ។
ដំបៅទាំងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ តែវាគឺជាសញ្ញាអាសន្នដែលរាងកាយចង់ប្រាប់ថាអ្នកកំពុងបាត់បង់តុល្យភាព។ មូលហេតុចម្បងដែលធ្វើឱ្យរាងកាយឡើងកម្ដៅខ្លាំង រួមមានការសម្រាកមិនគ្រប់គ្រាន់ ភាពតានតឹងក្នុងចិត្ត ការញ៉ាំអាហារដែលមានជាតិហឹរ បំពង ខ្លាញ់ច្រើន ឬផ្លែឈើមានធាតុដៅដូចជាទុរេន និងមៀនជាដើម។ ក្រៅពីនេះ ការខ្វះសារធាតុចិញ្ចឹមដូចជាជាតិដែក និងវីតាមីន B12 ក៏ជាសត្រូវលាក់មុខដែលបង្កឱ្យមានដំបៅមាត់មិនឈប់ឈរដែរ។
ដើម្បីព្យាបាលដំបៅមាត់ឱ្យឆាប់ជាសះស្បើយបំផុត អ្នកអាចអនុវត្តតិចនិកសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ ដោយការខ្ពុរមាត់ជាមួយទឹកអំបិល ១ ថ្ងៃឱ្យបាន ២ ទៅ ៣ ដង ដើម្បីជួយសម្លាប់មេរោគ និងកាត់បន្ថយការរលាក។ ការប្រើប្រាស់ថ្នាំលាបដំបៅមាត់ដែលត្រឹមត្រូវតាមបច្ចេកទេសពេទ្យ ក៏ជួយឱ្យមុខរបួសឆាប់សះស្បើយ និងកាត់បន្ថយការឈឺចាប់បានភ្លាមៗ។ អ្វីដែលមិនអាចខ្វះបាននោះគឺការញ៉ាំទឹកស្អាតឱ្យបានច្រើនលើសពីធម្មតា ដើម្បីជួយឱ្យរាងកាយត្រជាក់ និងមានសំណើមពីខាងក្នុងមកវិញ។
ការថែរក្សារាងកាយឱ្យត្រជាក់ស្រួលជានិច្ចគឺជាវិធីបង្ការដ៏ល្អបំផុត។ អ្នកគួរជ្រើសរើសរបបអាហារដែលមានតុល្យភាព ដោយផ្ដោតលើបន្លែ និងផ្លែឈើដែលមានធាតុត្រជាក់ រួមជាមួយការសម្រាកឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។ ការកាត់បន្ថយភាពតានតឹងតាមរយៈការធ្វើលំហាត់ប្រាណស្រាលៗ ឬការតាំងសមាធិ ក៏ជួយឱ្យប្រព័ន្ធរាងកាយមានស្ថិរភាពផងដែរ។ ប្រសិនបើអ្នកសង្កេតឃើញថាដំបៅមាត់មានសភាពធំខុសធម្មតា ឬមិនព្រមបាត់ទៅវិញក្នុងរយៈពេលលើសពីមួយសប្តាហ៍ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យ និងការព្យាបាលឱ្យចំគោលដៅបំផុត៕