យោងតាមការចុះផ្សាយពីប្រភពបរទេស ជារឿងធម្មតាសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ ដែលត្រូវមករដូវរៀងរាល់ ២១ ទៅ ៣៥ ថ្ងៃ ម្តង ដោយគ្របដណ្តប់រយៈពេលពី ២ ទៅ ៧ ថ្ងៃ។ ប៉ុន្តែ ប្រសិនបើការមករដូវរបស់អ្នកមានសភាពខុសប្លែកពីនេះ វាអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលមិនគួរមើលរំលង។
អាការៈដែលចាត់ទុកថាខុសប្រក្រតី រួមមានការមានឈាមហូរចេញពីទ្វារមាសចំពោះកុមារដែលមិនទាន់ដល់វ័យមករដូវ ឬស្ត្រីដែលអស់រដូវទៅហើយ។ សម្រាប់ស្ត្រីក្នុងវ័យបន្តពូជវិញ ភាពមិនប្រក្រតីអាចសង្កេតឃើញតាមរយៈការមករដូវច្រើនជ្រុល (ប្រើសំឡីអនាម័យលើសពី ៤ បន្ទះក្នុងមួយថ្ងៃ) មករដូវយូរជាង ៧ ថ្ងៃ ឬមានឈាមហូរចេញមកក្រៅវដ្តរដូវធម្មតា និងការហូរឈាមក្រោយពេលរួមដំណេកជាដើម។
មូលហេតុដែលបង្កឱ្យមានបញ្ហាទាំងនេះមានច្រើនយ៉ាង ចាប់តាំងពីការប្រែប្រួលអ័រម៉ូន ការធ្វើការខុសប្រក្រតី ការប្រើប្រាស់ថ្នាំពន្យារកំណើត ផលវិបាកក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់ជំងឺឆ្លងក្នុងប្រព័ន្ធបន្តពូជ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ វាក៏អាចជាសញ្ញានៃដុំសាច់ក្នុងស្បូន មហារីកមាត់ស្បូន ឬមហារីកភ្នាសស្បូនផងដែរ ជាពិសេសចំពោះស្ត្រីវ័យអស់រដូវ។
ប្រសិនបើអ្នកជួបប្រទះសញ្ញាទាំងនេះ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យប្រវត្តិសុខភាព ពិនិត្យអេកូ ឬពិនិត្យកោសិកាមាត់ស្បូន ដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់។ ការព្យាបាលអាចធ្វើឡើងតាមរយៈការប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រងអ័រម៉ូន ឬការវះកាត់ក្នុងករណីមានដុំសាច់ ឬមហារីក។ ការដឹងខ្លួនទាន់ពេល និងការពិនិត្យសុខភាពផ្នែកសម្ភពនិងរោគស្ត្រីឱ្យបានទៀងទាត់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីការពារសុខភាពរបស់អ្នក និងជៀសផុតពីគ្រោះថ្នាក់ដែលមើលមិនឃើញ៕