យោងតាមការចុះផ្សាយពីប្រភពបរទេស អាការៈនោមទាស់ នោមក្រហាយ ឬនោមមកម្ដងៗតិចតួច គឺជាសញ្ញាព្រមានចម្បងនៃជំងឺរលាកប្លោកនោម ដែលបង្កឡើងដោយការឆ្លងបាក់តេរី ជាពិសេសបាក់តេរីប្រភេទ E. coli។
ជំងឺនេះកើតមានលើស្ត្រីច្រើនជាងបុរស ដោយសារតែផ្លូវនោមរបស់ស្ត្រីមានសភាពខ្លី និងស្ថិតនៅជិតប្រភពមេរោគដូចជាទ្វារមាស និងរន្ធគូទ ដែលធ្វើឱ្យបាក់តេរីងាយនឹងជ្រាបចូលទៅក្នុងប្លោកនោមបានយ៉ាងឆាប់រហ័ស។ ប្រសិនបើអ្នកឧស្សាហ៍ទប់នោមយូរ ឬញ៉ាំទឹកតិច នោះអ្នកកំពុងតែបង្កលក្ខណៈងាយស្រួលឱ្យមេរោគដក់ជាប់ និងរីកសាយភាយក្នុងប្លោកនោម កាន់តែខ្លាំង។
សញ្ញាដែលអ្នកគួរប្រុងប្រយ័ត្នគឺការមានអារម្មណ៍ឈឺ ចុក ឬក្រហាយនៅពេលនោមជិតអស់ ទឹកនោមមានសភាពល្អក់ មានក្លិនខុសប្រក្រតី ឬក្នុងករណីធ្ងន់ធ្ងរអាចមានឈាមលាយឡំមកជាមួយ។ ភាពមិនប្រក្រតីនេះមិនត្រឹមតែបង្កការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើទុកចោលមិនព្យាបាល វាអាចវិវត្តទៅជារ៉ាំរ៉ៃ រាលដាលដល់ការរលាកតម្រងនោម ឬឆ្លងមេរោគចូលក្នុងចរន្តឈាម ដែលអាចបណ្ដាលឱ្យបាត់បង់ជីវិតបានយ៉ាងគ្រោះថ្នាក់បំផុត។
ដើម្បីសង្គ្រោះប្លោកនោម និងបង្ការកុំឱ្យមេរោគយាយី អ្នកត្រូវផ្លាស់ប្តូរទម្លាប់រស់នៅសាមញ្ញៗមួយចំនួន ដោយចាប់ផ្ដើមពីការញ៉ាំទឹកស្អាតឱ្យបានយ៉ាងតិច ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ ដើម្បីជួយលាងជម្រះមេរោគចេញពីផ្លូវនោម។ អ្វីដែលសំខាន់បំផុតគឺហាមទប់នោមយូរដាច់ខាត ដោយត្រូវប្រញាប់ទៅនោមភ្លាមនៅពេលមានអារម្មណ៍ឈឺ។ បន្ថែមពីនេះ ការរក្សាអនាម័យឱ្យបានល្អក្រោយពេលបន្ទោបង់ និងការចៀសវាងប្រើប្រាស់ផលិតផលបាញ់កម្ចាត់ក្លិននៅតំបន់ប្រដាប់ភេទដែលបង្កការរលាក ក៏ជាខែលការពារដ៏រឹងមាំផងដែរ។ ការហាត់ប្រាណពង្រឹងប្រព័ន្ធការពាររាងកាយ និងការទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើប្រាស់ថ្នាំផ្សះឱ្យបានត្រឹមត្រូវ គឺជាគន្លឹះដ៏ល្អបំផុតដើម្បីព្យាបាលឱ្យជាសះស្បើយ និងជៀសផុតពីការរលាកប្លោកនោមដដែលៗ៕