មេរោគក្នុងម៉ាស៊ីនត្រជាក់ ៖ សត្រូវលាក់មុខក្នុងខ្យល់អាកាស និងវិធីបង្ការដែលអ្នកនឹកស្មានមិនដល់
នៅក្នុងអាកាសធាតុដ៏ក្ដៅហួតហែង ម៉ាស៊ីនត្រជាក់ គឺជាមិត្តជិតស្និទ្ធបំផុតរបស់មនុស្សគ្រប់គ្នា ។ ប៉ុន្តែនៅពីក្រោយភាពត្រជាក់ស្រទន់នោះវាអាចជាជម្រកនៃមេរោគ ដ៏គ្រោះថ្នាក់បំផុត ប្រសិនបើខ្វះការថែទាំត្រឹមត្រូវ ។ តើអ្នកដឹងទេថា ខ្យល់ដែលអ្នកដកដង្ហើមចូលរាល់ថ្ងៃ អាចកំពុងតែនាំយកមេរោគ និងបាក់តេរីមកបំផ្លាញសុខភាពអ្នកបន្តិចម្ដងៗ?
១. គ្រោះថ្នាក់នៃមេរោគដែលបង្កប់ខ្លួនក្នុងម៉ាស៊ីនត្រជាក់
ម៉ាស៊ីនត្រជាក់ដែលមិនបានលាងសម្អាតទៀងទាត់ គឺជាកន្លែងផ្ទុកនូវ ៖
-បាក់តេរី Legionella: មេរោគនេះបង្កឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរ (Legionnaires’ disease) ដែលអាចគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើព្យាបាលមិនទាន់ពេល។
-ផ្សិត និងស្ប៉រ (Mold & Spores): សំណើមនៅក្នុងម៉ាស៊ីនត្រជាក់គឺជាឋានសួគ៌នៃពពួកផ្សិត។ វាបង្កឱ្យមានបញ្ហាផ្លូវដង្ហើម អាឡែហ្ស៊ី រមាស់ស្បែក និងហៀរសំបោររ៉ាំរ៉ៃ។
-ធូលីដី និងលម្អងផ្កា: ការកកស្ទះធូលីក្នុងតម្រងខ្យល់ ធ្វើឱ្យម៉ាស៊ីនបញ្ចេញខ្យល់កខ្វក់ ដែលជាមូលហេតុចម្បងនៃជំងឺហឺត និងការរលាកច្រមុះ។
២. សញ្ញាព្រមានថា ម៉ាស៊ីនត្រជាក់របស់អ្នកមានមេរោគ
-ក្លិនផ្អូម ឬក្លិនផ្អួរ ៖ នៅពេលបើកម៉ាស៊ីនដំបូង មានក្លិនមិនល្អជះចេញមក។
-អាការៈ ជំងឺក្នុងអគារ: អ្នកមានអារម្មណ៍ឈឺក្បាល អស់កម្លាំង ឬស្ងួតក រាល់ពេលដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរៗ ។
-ក្អក ឬកណ្តាស់មិនឈប់ ៖ រាងកាយរបស់អ្នកកំពុងប្រតិកម្មនឹងមេរោគដែលហោះចេញតាមខ្យល់។
វិធីបង្ការដែលអ្នកនឹកស្មានមិនដល់ (Hidden Prevention Tips)
ក្រៅពីការហៅជាងមកលាងម៉ាស៊ីនត្រជាក់ នេះ គឺជាតិចនិកសំខាន់ៗដែលមនុស្សភាគច្រើនរំលង៖
-បើកបង្អួចឱ្យខ្យល់ចេញចូល (Ventilation): ជារៀងរាល់ព្រឹក មុននឹងបើកម៉ាស៊ីនត្រជាក់ ឬក្រោយពេលបិទ អ្នកគួរតែបើកបង្អួចចោលយ៉ាងហោចណាស់ ១៥-៣០ នាទី ដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធខាងក្រៅចូលមកផ្លាស់ប្តូរខ្យល់ចាស់ក្នុងបន្ទប់។ កុំទុកឱ្យបន្ទប់បិទជិត ២៤ ម៉ោង។
-កុំដាក់ដើមឈើ ឬខោអាវសើមក្នុងបន្ទប់៖ ការដាក់របស់ដែលបង្កសំណើមខ្ពស់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នឹងធ្វើឱ្យផ្សិតរីកដុះដាលក្នុងម៉ាស៊ីនត្រជាក់កាន់តែលឿន។
-ប្រើមុខងារ Fan Mode មុនពេលបិទ៖ តិចនិកដ៏អស្ចារ្យគឺ ១៥ នាទីមុនពេលអ្នកចាកចេញពីបន្ទប់ ឬមុនពេលបិទម៉ាស៊ីនត្រជាក់ ចូរដូរពីម៉ូដត្រជាក់ (Cool) ទៅជាម៉ូដកង្ហារ (Fan)។ វាជួយឱ្យកំញ៉ាញ់ (Evaporator Coil) ស្ងួតទឹក កាត់បន្ថយការដុះផ្សិត និងបាក់តេរីបានយ៉ាងស័ក្តិសិទ្ធិ។
-សម្អាតតម្រងខ្យល់ (Filter) ដោយខ្លួនឯង៖ អ្នកមិនចាំបាច់ចាំដល់ជាងឡើយ។ រៀងរាល់ ២ សប្តាហ៍ម្តង ចូរដោះសំណាញ់តម្រងមកលាងជម្រះធូលីដោយទឹកស្អាត។ វាជួយឱ្យខ្យល់ស្អាត និងចំណេញភ្លើងទៀតផង។
-កម្រិតសីតុណ្ហភាពឱ្យសមស្រប ៖ ការដាក់ត្រជាក់ខ្លាំងពេក (ក្រោម ២៣°C) បង្កើតសំណើមច្រើន។ ការរក្សាសីតុណ្ហភាពចន្លោះ ២៤-២៦°C គឺល្អបំផុតសម្រាប់សុខភាពផ្លូវដង្ហើម និងស្បែក។
ភាពត្រជាក់ដែលផាសុកភាព គួរតែមកជាមួយខ្យល់អាកាសដែលបរិសុទ្ធ ។ កុំទុកឱ្យម៉ាស៊ីនត្រជាក់ក្លាយជាឃាតករលាក់មុខ បំផ្លាញសួតរបស់អ្នក និងក្រុមគ្រួសារ។ ការយកចិត្តទុកដាក់សម្អាត និងការយល់ដឹងពីតិចនិកប្រើប្រាស់ត្រឹមត្រូវ គឺជាអាវុធដ៏ល្អបំផុតដើម្បីការពារសុខភាព។