យោងតាមការចុះផ្សាយពីប្រភពបរទេស ការទៅជួបគ្រូពេទ្យផ្លូវចិត្តមិនមែនជារឿងគួរឱ្យខ្មាសអៀននោះទេ ប៉ុន្តែវាគឺជាការថែទាំសុខភាពដ៏សំខាន់បំផុតមួយ ដើម្បីការពារបញ្ហាកុំឱ្យរីករាលដាលធ្ងន់ធ្ងរ។ មនុស្សជាច្រើនតែងមានចម្ងល់ថា តើកម្រិតនៃភាពតានតឹងបែបណា ទើបដល់ដំណាក់កាលដែលត្រូវស្វែងរកជំនួយពីអ្នកជំនាញ?
បើតាមការណែនាំពីអ្នកជំនាញផ្នែកចិត្តសាស្រ្តខាងក្រោមនេះគឺជាសញ្ញាព្រមានសំខាន់ៗទាំង ៥ ដែលអ្នកគួរយកចិត្តទុកដាក់ពិនិត្យលើខ្លួនឯង៖
សញ្ញាដំបូងគឺ “ការប្រែប្រួលនៃដំណេក” ប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ ពិបាកគេងខ្លាំង ឬគេងច្រើនជ្រុលខុសពីធម្មតា ហើយអាការៈនេះអូសបន្លាយពេលយូរ នោះគឺជាសញ្ញាដែលខួរក្បាលកំពុងតានតឹង។ បន្ទាប់មកគឺ “ការប្រែប្រួលអារម្មណ៍” ដែលអ្នកអាចសម្គាល់បានតាមរយៈការឆាប់ខឹងមួម៉ៅខុសពីមុន ឆាប់អន់ចិត្ត ឬមានអារម្មណ៍ស្រពាប់ស្រពោនខ្លាំង រហូតប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
សញ្ញាដ៏គ្រោះថ្នាក់បំផុតមួយទៀតគឺ “ការផ្លាស់ប្តូរការគិត” នៅពេលដែលអ្នកចាប់ផ្ដើមមានគំនិតអវិជ្ជមានលើខ្លួនឯង យល់ថាខ្លួនឯងគ្មានតម្លៃ ឬមានអារម្មណ៍សង្ស័យខ្លាចគេមកបៀតបៀនទាំងដែលគ្មានហេតុផល។ ជាមួយគ្នានេះ ប្រសិនបើអ្នកសង្កេតឃើញថា “សមត្ថភាពខួរក្បាលចុះខ្សោយ” ដូចជាការចងចាំមិនល្អដូចមុន ពិបាកក្នុងការសម្រេចចិត្ត ឬគិតអ្វីមិនសូវចេញ វាក៏ជាសញ្ញានៃជំងឺផ្លូវចិត្តមួយចំនួនផងដែរ។ ជាចុងក្រោយគឺ “ការប្រែប្រួលឥរិយាបថ” ដូចជាការចាយវាយខ្ជះខ្ជាយខុសពីធម្មតា ចូលចិត្តធ្វើសកម្មភាពប្រថុយប្រថាន ឬពីមនុស្សដែលធ្លាប់ចូលសង្គម បែរជាមកសម្ងំនៅម្នាក់ឯងស្ងាត់ៗវិញ។
ប្រសិនបើអ្នក ឬមនុស្សជិតស្និទ្ធមានសញ្ញាណាមួយក្នុងចំណោមចំណុចខាងលើនេះ ការទៅពិគ្រោះជាមួយចិត្តវិទូ ឬគ្រូពេទ្យជំនាញផ្នែកផ្លូវចិត្ត គឺជាជម្រើសដ៏ល្អបំផុតដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឱ្យបានត្រឹមត្រូវ។ ការយល់ដឹង និងការទទួលយកការពិតពីស្ថានភាពផ្លូវចិត្ត គឺជាជំហានដំបូងនៃការរស់នៅដោយមានសេចក្ដីសុខ និងមានសុខភាពមាំមួនទាំងកាយ និងចិត្ត៕