យោងតាមការចុះផ្សាយពីប្រភពបរទេស កម្រិតជាតិស្ករក្នុងឈាមគឺជាសន្ទស្សន៍វាស់វែងសុខភាពដ៏សំខាន់បំផុត ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះមិនថាជាតិស្ករឡើងខ្ពស់ពេក ឬធ្លាក់ចុះទាបពេកនោះទេ សុទ្ធតែបង្កគ្រោះថ្នាក់ដល់ជីវិតប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ការចេះសង្កេតសញ្ញាព្រមាន និងដឹងពីវិធីសង្គ្រោះបឋម គឺជាខែលការពារដ៏រឹងមាំសម្រាប់ខ្លួនអ្នក និងមនុស្សជុំវិញខ្លួនក្នុងការគ្រប់គ្រងស្ថានភាពអាសន្នបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងករណីលើសជាតិស្ករក្នុងឈាមអាការៈនេះកើតឡើងនៅពេលកម្រិតជាតិស្ករកើនឡើងលើសពី ៩៩ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រនៅពេលពោះទទេ ឬលើសពី ១៤ មិល្លីក្រាមក្រោយបាយ ២ ម៉ោង។ សញ្ញាព្រមានដែលអ្នកអាចសម្គាល់បានរួមមាន ការនោមញឹកខុសធម្មតាជាពិសេសនៅពេលយប់ ស្រេកទឹកខ្លាំង តែងតែមានអារម្មណ៍អស់កម្លាំង ល្ហិតល្ហៃ និងស្រកទម្ងន់ខុសប្រក្រតី បូករួមទាំងអាការៈស្រវាំងភ្នែក របួសក្រសះស្បើយ ស្បែកស្ងួតរមាស់ ឬមានអារម្មណ៍ដូចស្រមោចតិចៗនៅចុងដៃចុងជើង។ ប្រសិនបើជួបអាការៈនេះ អ្នកគួរញ៉ាំទឹកស្អាតឱ្យបានច្រើនដើម្បីជួយតម្រងនោមបញ្ចេញជាតិស្ករលើស និងប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យដើម្បីកែសម្រួលរបបអាហារ ឬកម្រិតថ្នាំឱ្យបានត្រឹមត្រូវ។
ផ្ទុយទៅវិញ ស្ថានភាពខ្វះជាតិស្ករក្នុងឈាមគឺជាស្ថានភាពអាសន្នដែលជាតិស្ករធ្លាក់ចុះទាបជាង ៧០ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ ដែលអាចបណ្ដាលមកពីការញ៉ាំបាយមិនទៀងទាត់ ឬប្រើថ្នាំលើសកម្រិត។ សញ្ញាព្រមាននៃអាការៈនេះកើតឡើងលឿនបំផុត រួមមានការចេញញើសត្រជាក់ខ្លាំង ញ័រដៃញ័រជើង បេះដូងលោតញាប់ ឃ្លានខ្លាំង វិលមុខ ចង់សន្លប់ និងមានអារម្មណ៍មួម៉ៅខុសធម្មតា ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចសន្លប់បាត់ស្មារតី ឬប្រកាច់ដែលទាមទារការសង្គ្រោះជាបន្ទាន់។
ចំពោះវិធីសង្គ្រោះបឋមក្នុងករណីខ្វះជាតិស្ករ ប្រសិនបើអ្នកជំងឺនៅដឹងខ្លួន ត្រូវឱ្យគាត់ញ៉ាំអាហារផ្អែមដែលរាងកាយស្រូបយកលឿនជាបន្ទាន់ ដូចជាទឹកផ្លែឈើកន្លះកែវ ទឹកផ្អែមមួយកែវ ស្ករគ្រាប់ពីរទៅបីគ្រាប់ ឬទឹកឃ្មុំមួយស្លាបព្រា រួចអង្គុយសម្រាកដប់ប្រាំនាទីសិន។ ប៉ុន្តែប្រសិនបើអ្នកជំងឺសន្លប់បាត់ស្មារតី អ្នកត្រូវចងចាំថាហាមដាច់ខាតការបញ្ច្រកទឹក ឬអាហារចូលមាត់ព្រោះអាចបណ្ដាលឱ្យឈ្លក់ស្លាប់ គឺត្រូវដាក់អ្នកជំងឺឱ្យដេកផ្អៀង និងប្រញាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ការយល់ដឹងពីភាពខុសគ្នានៃអាការៈទាំងពីរនេះ រួមផ្សំនឹងការអនុវត្តតាមការណែនាំរបស់គ្រូពេទ្យយ៉ាងខ្ជាប់ខ្ជួន នឹងជួយឱ្យអ្នកជៀសផុតពីផលវិបាកធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព៕