យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនជឿថាការញ៉ាំផ្លែឈើក្នុងបរិមាណច្រើនជារឿងល្អជានិច្ចព្រោះវាជាប្រភពវីតាមីនធម្មជាតិ ប៉ុន្តែតាមពិតទៅផ្លែឈើមួយចំនួនមានផ្ទុកជាតិស្ករខ្ពស់ខ្លាំង រហូតដល់ការញ៉ាំក្នុងបរិមាណច្រើនលើសកំណត់ អាចធ្វើឱ្យរាងកាយទទួលបានជាតិស្ករប្រហាក់ប្រហែល ឬច្រើនជាងការញ៉ាំនំខេកមួយដុំទៅទៀត។
ទោះបីជាស្ករក្នុងផ្លែឈើជាប្រភេទពីធម្មជាតិ ដែលខុសពីស្ករសិប្បនិម្មិតក្នុងនំផ្អែម ប៉ុន្តែបញ្ហាសំខាន់គឺ “បរិមាណ” ព្រោះប្រសិនបើញ៉ាំដោយមិនប្រុងប្រយ័ត្ន វានឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមឡើងខ្ពស់ហួសហេតុ ដែលជះឥទ្ធិពលអាក្រក់ដល់សុខភាព។
បើតាមទិន្នន័យអាហារូបត្ថម្ភក្នុងបរិមាណ ១០០ ក្រាមដូចគ្នា ផ្លែឈើដែលឈរឈ្មោះលេខ ១ ខាងសម្បូរជាតិស្ករគឺ អម្ពិលផ្អែម ដែលមានជាតិស្កររហូតដល់ ៥៨.២៨ ក្រាម តាមពីក្រោយដោយទុរេនដែលមានជាតិស្ករ ២១ ក្រាម និងស្វាយទុំដែលមានជាតិស្ករចន្លោះពី ២០ ទៅ ២៥ ក្រាម។ ប្រសិនបើអ្នកញ៉ាំស្វាយទុំទំហំធំតែមួយផ្លែ អ្នកអាចទទួលបានជាតិស្ករស្មើនឹងការញ៉ាំនំខេកមួយដុំដែលមានជាតិស្ករប្រហែល ២០ ទៅ ៣០ ក្រាមបាត់ទៅហើយ។ ក្រៅពីនេះ ផ្លែឈើពេញនិយមផ្សេងទៀតដូចជា ចេកទុំមានស្ករ ២២ ក្រាមក្នុងមួយផ្លែ ផ្លែទំពាំងបាយជូរមានស្ករប្រហែល ១៦ ទៅ ១៨ ក្រាម ម្នាស់មានស្ករចន្លោះពី ១០ ទៅ ១៣ ក្រាម និងផ្លែប៉ោមមានស្ករប្រហែល ១០ ទៅ ១២ ក្រាមក្នុងមួយផ្លែ ដែលសុទ្ធតែជាតួលេខត្រូវយកចិត្តទុកដាក់។
ទោះជាយ៉ាងណា ផ្លែឈើនៅតែមានគុណសម្បត្តិជាងនំផ្អែម ឬនំខេក ដោយសារវាមានផ្ទុកជាតិសរសៃ ដែលជួយពន្យារការស្រូបយកជាតិស្ករចូលទៅក្នុងចរន្តឈាម ព្រមទាំងសម្បូរដោយវីតាមីន និងគ្មានជាតិខ្លាញ់អាក្រក់ដែលបំផ្លាញសរសៃឈាមបេះដូងឡើយ។ ដូច្នេះ បញ្ហាពិតប្រាកដមិនមែនស្ថិតនៅលើផ្លែឈើនោះទេ គឺស្ថិតនៅលើទម្លាប់នៃការញ៉ាំច្រើនហួសតម្រូវការរបស់មនុស្សម្នាក់ៗ។ ការជ្រើសរើសញ៉ាំផ្លែឈើឱ្យបានចម្រុះមុខ និងកម្រិតបរិមាណឱ្យបានសមរម្យក្នុងមួយថ្ងៃៗ គឺជាគន្លឹះដែលជួយឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត ដោយមិនប្រឈមនឹងបញ្ហាលើសជាតិស្ករក្នុងឈាម ឬជំងឺលើសទម្ងន់ឡើយ៕