យោងតាមការចុះផ្សាយពីប្រភពបរទេស ការឈានចូលវ័យ ៤០ ឆ្នាំ ជារបត់ថ្មីមួយដែលរាងកាយស្ត្រីចាប់ផ្ដើមមានការប្រែប្រួលខ្លាំង ជាពិសេសគឺការថយចុះនៃអ័រម៉ូន និងការបាត់បង់ម៉ាសសាច់ដុំ ដែលធ្វើឱ្យសាច់ដុំយារធ្លាក់ និងឆាប់ឡើងគីឡូ។
ទោះជាយ៉ាងណា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ប្រសិនបើអ្នកដឹងពីរបៀបថែរក្សារាងកាយឱ្យត្រូវក្បួន។ ខាងក្រោមនេះគឺជាតិចនិកហាត់ប្រាណ ៥ បែប ដែលអ្នកជំនាញណែនាំពិសេសសម្រាប់សុភាពនារីវ័យ ៤០+ ដើម្បីស្ដារសម្រស់ និងសុខភាពឱ្យនៅក្មេងជាងវ័យ៖
តិចនិកដំបូងដែលមិនអាចរំលងបានគឺ “ការហាត់ពង្រឹងសាច់ដុំ”។ នៅវ័យនេះ ការលើកដុំដែកស្រាលៗ ឬប្រើខ្សែយឺតហាត់ប្រាណ គឺចាំបាច់បំផុតដើម្បីទប់ស្កាត់ការបាត់បង់សាច់ដុំ និងជួយឱ្យរាងកាយហាប់ណែន មិនយារធ្លាក់។ បន្ទាប់មកគឺ “ការហាត់បែបយូហ្គាឬពីឡាត” ដែលជួយបង្កើនភាពបត់បែននៃរាងកាយ កាត់បន្ថយការឈឺចាប់សន្លាក់ និងជួយឱ្យស្មារតីស្ងប់កាត់បន្ថយភាពតានតឹងបានយ៉ាងល្អ។
សម្រាប់សុខភាពបេះដូង និងការដុតរំលាយជាតិខ្លាញ់ “ការដើរលឿនឬការហែលទឹក” គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាជួយដុតកាឡូរីបានច្រើន ប៉ុន្តែមិនបង្កសម្ពាធខ្លាំងដល់ជង្គង់ និងសន្លាក់ឆ្អឹងដូចការរត់នោះទេ។ លើសពីនេះ ការហាត់ប្រាណបែប “តុល្យភាព” ក៏សំខាន់ខ្លាំងណាស់ដែរ ដើម្បីការពារការដួល ឬគ្រោះថ្នាក់ផ្សេងៗដែលងាយនឹងកើតមានក្នុងវ័យនេះ។
ជាចុងក្រោយ អាថ៌កំបាំងដែលជួយឱ្យរាងកាយមាំមួនបំផុតគឺ “ការហាត់បែបចម្រុះ” ដោយផ្លាស់ប្តូរចលនាយឺត និងលឿនបញ្ចុះបញ្ចូលគ្នា ដើម្បីរំញោចដល់ការធ្វើមេតាបូលីសក្នុងរាងកាយឱ្យដំណើរការខ្លាំងក្លាដូចកាលពីនៅក្មេង។ ការរួមបញ្ចូលលំហាត់ប្រាណទាំង ៥ បែបនេះ ជាមួយរបបអាហារដែលមានជីវជាតិ និងការសម្រាកឱ្យបានគ្រប់គ្រាន់ នឹងជួយឱ្យស្ត្រីវ័យ ៤០+ ត្រឡប់មកមានរាងស្លីមមាំ សម្រស់ស្រស់ថ្លា និងមានថាមពលពេញបរិបូរណ៍ជានិច្ច៕