តើអ្នកដឹងទេថា ការហាត់ប្រាណមិនចាំបាច់ប្រើពេលរាប់ម៉ោងទើបទទួលបានលទ្ធផលនោះទេ? តាមរយៈវិធីសាស្ត្រ HIIT (High-Intensity Interval Training) អ្នកអាចដុតរំលាយកាឡូរីបានយ៉ាងច្រើនសន្ធឹក ក្នុងរយៈពេលត្រឹមតែ១៥ នាទី ប៉ុណ្ណោះ។
រូបមន្តនៃការហាត់ (The 15-Minute Circuit)
ធ្វើចលនានីមួយៗខាងក្រោមរយៈពេល៤៥ វិនាទី រួចសម្រាក១៥ វិនាទី បន្ទាប់មកបន្តទៅចលនាបន្ទាប់។ ធ្វើឱ្យបាន ៣ ជុំ អ្នកនឹងប្រើពេលសរុប ១៥ នាទី។
១. ចលនាលោត
នេះគឺជាការកម្តៅសាច់ដុំដ៏ល្អបំផុត ដែលជួយជម្រុញចង្វាក់បេះដូង និងដុតកាឡូរីទូទាំងរាងកាយ។
២. ចលនាអង្គុយឈរ
ផ្ដោតទៅលើសាច់ដុំភ្លៅ និងត្រគាក ។ វាមិនត្រឹមតែជួយឱ្យរាងស្អាតទេ ប៉ុន្តែថែមទាំងជួយជម្រុញការដុតរំលាយអាហារ (Metabolism) បានយ៉ាងយូរ ទោះបីជាអ្នកហាត់រួចក៏ដោយ។
៣. ចលនាអាវ៉ង់
ជួយពង្រឹងសាច់ដុំដើមទ្រូង ស្មា និងដើមដៃ។ ប្រសិនបើអ្នកមិនទាន់អាចធ្វើអាវ៉ង់ធម្មតាបាន អ្នកអាចដាក់ជង្គង់ចុះដីដើម្បីសម្រាលទម្ងន់។
៤. ចលនារត់នៅនឹងកន្លែង
ចលនានេះដូចជាការរត់ឡើងភ្នំនៅនឹងកន្លែង វារឹតបន្តឹងសាច់ដុំពោះ និងជួយឱ្យបេះដូងលោតខ្លាំង ដែលជាចំណុចគន្លឹះនៃការដុតខ្លាញ់។
៥. ចលនាទប់ខ្លួន
បញ្ចប់ជុំនីមួយៗដោយការទប់ខ្លួនឱ្យត្រង់។ វាជួយឱ្យសាច់ដុំស្នូល (Core) របស់អ្នករឹងមាំ និងជួយឱ្យពោះរាបស្មើ។
ហេតុអ្វីបានជាវិធីនេះមានប្រសិទ្ធភាព?
-Afterburn Effect: រាងកាយរបស់អ្នកនឹងបន្តដុតកាឡូរីរហូតដល់ ២៤ ម៉ោងបន្ទាប់ពីហាត់រួច។
-មិនត្រូវការឧបករណ៍: អ្នកអាចហាត់បានគ្រប់ទីកន្លែង សូម្បីតែក្នុងបន្ទប់គេង។
-ចំណេញពេលវេលា: ស័ក្តិសមបំផុតសម្រាប់អ្នកដែលមានការងារមមាញឹក។
គន្លឹះសំខាន់ដើម្បីទទួលបានផលលឿន៖
-វិន័យ: ព្យាយាមហាត់ឱ្យបានយ៉ាងតិច ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។
-ការញ៉ាំ: កាត់បន្ថយជាតិស្ករ និងអាហារបំពង ព្រោះ “រាងស្អាតចាប់ផ្ដើមពីក្នុងផ្ទះបាយ ៧០% និងការហាត់ប្រាណ ៣០%”។
-ផឹកទឹក: កុំភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ការរំលាយអាហារ។