យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានអារម្មណ៍សប្បាយចិត្តនៅពេលឃើញលេខនៅលើជញ្ជីងថយចុះ ប៉ុន្តែប្រសិនបើការស្រកទម្ងន់នោះកើតឡើងដោយមិនបានតមអាហារ ឬហាត់ប្រាណទេនោះ វាអាចជា “សញ្ញាអាសន្ន” ពីបញ្ហាសុខភាពធ្ងន់ធ្ងរទៅវិញទេ។ ជាទូទៅ ប្រសិនបើអ្នកស្រកទម្ងន់លើសពី ៥% នៃទម្ងន់ខ្លួនក្នុងរយៈពេល ៦ ទៅ ១២ ខែ ដោយគ្មានមូលហេតុច្បាស់លាស់ នោះគឺជាសញ្ញាខុសប្រក្រតីដែលអ្នកមិនគួរមើលរំលងឡើយ។
សញ្ញាព្រមានទីមួយគឺ “ញ៉ាំធម្មតា តែនៅតែស្គមទៅៗ” ដែលវាអាចជារោគសញ្ញានៃភាពមិនប្រក្រតីនៃប្រព័ន្ធរំលាយអាហារ ការស្រូបយកសារធាតុចិញ្ចឹមបានតិច ឬបញ្ហាអ័រម៉ូនដូចជា ជំងឺពកកជាដើម។ សញ្ញាទីពីរគឺ “អស់កម្លាំង និងល្ហិតល្ហៃខុសធម្មតា” ដែលមកទន្ទឹមនឹងការស្រកទម្ងន់ វាអាចឆ្លុះបញ្ចាំងពីបញ្ហាកង្វះឈាម ឬរាងកាយកំពុងប្រើប្រាស់ថាមពលខ្លាំងខុសប្រក្រតីដើម្បីប្រយុទ្ធនឹងជំងឺអ្វីមួយ។ ចំណុចចុងក្រោយគឺ “មានអាការៈខុសប្លែកផ្សេងទៀតរួមមាន” ដូចជាការមិនឃ្លានអាហារ លេបអាហារពិបាក ក្អកមាន់រ៉ាំរ៉ៃ ឈឺពោះ ឬការបន្ទោរបង់ប្រែប្រួល ដែលសុទ្ធតែជាសញ្ញានៃជំងឺក្នុងប្រព័ន្ធរំលាយអាហារ ឬជំងឺកាចសាហាវផ្សេងៗ។
មូលហេតុនៃការស្រកទម្ងន់លឿនខុសប្រក្រតី អាចបណ្ដាលមកពីកត្តាផ្លូវចិត្តដូចជា ស្ត្រេសខ្លាំង វិបត្តិផ្លូវចិត្ត ឬជំងឺរាងកាយដូចជា ទឹកនោមផ្អែម និងបញ្ហាក្រពះពោះវៀន។ ការបណ្ដោយឱ្យអាការៈទាំងនេះបន្តទៅមុខដោយមិនបានពិនិត្យ អាចធ្វើឱ្យជំងឺវិវត្តទៅរកដំណាក់កាលធ្ងន់ធ្ងរ។ ដូច្នេះ ការស្រកទម្ងន់មិនមែនជារឿងល្អគ្រប់ពេលនោះទេ ប្រសិនបើវាកើតឡើងដោយចៃដន្យ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យរកមូលហេតុឱ្យបានច្បាស់លាស់ និងទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីសុខភាព និងសុវត្ថិភាពអាយុជីវិតរបស់អ្នក៕