យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពតានតឹងក្នុងចិត្ត និងសម្ពាធឈាមខ្ពស់ គឺជាសត្រូវលាក់មុខដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាល និងបេះដូង។ ដើម្បីការពារសុខភាពឱ្យបានមាំមួន យោងតាមការណែនាំពីសាកលវិទ្យាល័យ Harvard យើងអាចអនុវត្តវិធីសាស្ត្រងាយៗដើម្បីគ្រប់គ្រងអារម្មណ៍ និងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតាវិញ
ជំហានដំបូងដែលមិនអាចរំលងបានគឺ ការសម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះការគេងតិចជាង ៦ ម៉ោងក្នុងមួយយប់នឹងធ្វើឱ្យអ្នកងាយមួរម៉ៅ និងខ្វះថាមពល។ បន្ទាប់មក អ្នកគួររៀនពីវិធីសាស្ត្របន្ធូរអារម្មណ៍តាមរយៈការអង្គុយសមាធិ យោគៈ ហាត់ដកដង្ហើមវែងៗ ឬស្ដាប់តន្ត្រីរំសាយចិត្ត។ ការជួបជុំមិត្តភក្តិដែលទុកចិត្តដើម្បីជជែកពិភាក្សា ឬធ្វើសកម្មភាពសប្បាយៗជាមួយគ្នា ក៏ជាឱសថដ៏ល្អប្រសើរក្នុងការកាត់បន្ថយស្ត្រេសបានយ៉ាងប្រសើរ។
ការរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងការដោះស្រាយបញ្ហាភ្លាមៗមិនទុកឱ្យនៅរ៉ាំរ៉ៃ ក៏ជាគន្លឹះជួយឱ្យខួរក្បាលស្រឡះល្អ និងមិនចាំបាច់ព្រួយបារម្ភពីបញ្ហាដែលមិនទាន់មកដល់។ ក្រៅពីនេះ ការផ្ដល់រង្វាន់ដល់ខ្លួនឯងបន្ទាប់ពីសម្រេចការងារណាមួយ ដូចជាការទៅញ៉ាំអាហារឆ្ងាញ់ៗ ឬមើលកុនដែលចូលចិត្ត នឹងជួយបង្កើនកម្លាំងចិត្ត និងកាត់បន្ថយសម្ពាធផ្លូវចិត្តបានយ៉ាងច្រើន។ ប្រសិនបើអ្នកមានអារម្មណ៍ថាទាល់ច្រក ការចេះសុំជំនួយ ឬមតិយោបល់ពីអ្នកដែលអ្នកទុកចិត្ត នឹងជួយឱ្យអ្នកមើលឃើញដំណោះស្រាយថ្មីៗដែលនឹកស្មានមិនដល់។
ក្រៅពីការថែទាំផ្លូវចិត្ត ការរក្សាសុខភាពរាងកាយក៏ជារឿងសំខាន់ដូចគ្នា។ អ្នកគួររក្សាទម្ងន់ឱ្យបានសមស្រប ទទួលទានបន្លែផ្លែឈើឱ្យបានច្រើន ជ្រើសរើសប្រូតេអ៊ីនដែលមានជាតិខ្លាញ់ទាប និងខ្លាញ់ល្អពីត្រី ឬប្រេងអូលីវ។ ការហាត់ប្រាណឱ្យបានទៀងទាត់ រួមផ្សំជាមួយផ្លូវចិត្តដែលស្រស់ថ្លា នឹងជួយឱ្យអ្នកគ្រប់គ្រងសម្ពាធឈាមបានល្អ និងមានជីវិតប្រកបដោយក្ដីសុខជានិរន្តរ៍៕