យោងតាមការចុះផ្សាយពីប្រភពបរទេស មិនថាការសិក្សា ឬការងារ សុទ្ធតែអាចបង្កើតសម្ពាធ និងភាពតានតឹងដែលសន្សំទុកក្នុងចិត្ត និងរាងកាយដោយអ្នកមិនដឹងខ្លួន។ នៅពេលភាពហត់នឿយឡើងដល់កម្រិតកំណត់ រាងកាយនឹងចាប់ផ្ដើមបញ្ចេញ “សញ្ញាព្រមាន” ដើម្បីប្រាប់ថាអ្នកត្រូវតែឈប់សម្រាកដើម្បីបញ្ចូលថាមពលឡើងវិញ។
សញ្ញាដំបូងដែលអ្នកអាចសង្កេតបានគឺការបាត់បង់ស្មារតីផ្ដោតអារម្មណ៍ មានអារម្មណ៍ថាអន្ទះអន្ទែង និងព្រួយបារម្ភខុសធម្មតា ដែលធ្វើឱ្យគុណភាពការងារធ្លាក់ចុះ។ បន្ទាប់មកគឺបញ្ហានៃការគេង ដែលអ្នកអាចនឹងពិបាកសម្រាកឱ្យលក់ស្កប់ស្កល់ ឬភ្ញាក់កណ្ដាលអាធ្រាត្រញឹកញាប់ ដែលជាលទ្ធផលនៃស្រ្តេសរ៉ាំរ៉ៃ។ របបអាហារក៏ប្រែប្រួលខុសប្រក្រតីដែរ ដោយអ្នកខ្លះអាចញ៉ាំច្រើនហួសហេតុ ឬខ្លះទៀតបាត់បង់ចំណង់អាហារតែម្ដង ហើយចូលចិត្តញ៉ាំតែនំចំណីជំនួសបាយដែលជាសញ្ញាបញ្ជាក់ថាអ្នកកំពុងតានតឹងខ្លាំង។
លើសពីនេះ អ្នកនឹងមានអារម្មណ៍ថាគ្មានកម្លាំងចិត្ត ឬការលើកទឹកចិត្តដើម្បីក្រោកទៅធ្វើការ ឬទៅរៀនឡើយ ទោះបីជាកន្លងមកអ្នកធ្លាប់ស្រឡាញ់ការងារនោះខ្លាំងប៉ុណ្ណាក៏ដោយ។ ក្នុងពេលជាមួយគ្នា ប្រព័ន្ធការពាររាងកាយក៏ចុះខ្សោយ ធ្វើឱ្យអ្នកឧស្សាហ៍ឈឺក្បាល ឈឺពោះ ឬផ្ដាសាយមិនចេះចប់មិនចេះហើយ។ សញ្ញាដែលគួរឱ្យបារម្ភបំផុតនោះគឺ នៅពេលដែលអ្នកលែងមានអារម្មណ៍រីករាយជាមួយអ្វីដែលអ្នកធ្លាប់ចូលចិត្តធ្វើពីមុន ដូចជាការមើលកុន ឬដើរលេង ដែលនេះអាចជាសញ្ញានៃការធ្លាក់ទឹកចិត្ត ឬអស់កម្លាំងផ្នែកស្មារតីយ៉ាងធ្ងន់ធ្ងរ។
ប្រសិនបើអ្នកកំពុងជួបប្រទះសញ្ញាទាំងនេះ ចូរផ្ដល់ពេលវេលាឱ្យខ្លួនឯងបានសម្រាកខ្លះ មិនថាជាការសុំច្បាប់ឈប់សម្រាកពីការងារ ឬការចេញទៅដើរកម្សាន្តនៅកន្លែងដែលស្ងប់ស្ងាត់នោះទេ។ ការចេះឈប់សម្រាក មិនមែនជាភាពខ្ជិលច្រអូសឡើយ ប៉ុន្តែវាគឺជាការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យរឹងមាំ ដើម្បីត្រឡប់មកតស៊ូជាមួយគោលដៅជីវិតវិញដោយភាពស្រស់ថ្លា។ ប្រសិនបើអាការៈទាំងនេះនៅតែមិនធូរស្រាលក្រោយពេលសម្រាក ការពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក៕