យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលនិយមហាត់ប្រាណ ការជ្រើសរើសអាហារញ៉ាំមុនពេលចាប់ផ្ដើម ឬដែលគេហៅថា “Pre-workout” គឺជាគន្លឹះសំខាន់បំផុតក្នុងការបង្កើនថាមពល ពង្រឹងភាពធន់នៃសាច់ដុំ និងជួយឱ្យស្មារតីផ្ដោតអារម្មណ៍បានល្អ។ អាហារបំប៉នប្រភេទនេះជាទូទៅមានសារធាតុសំខាន់ៗដូចជា កាហ្វេអ៊ីនដែលជួយដាស់ស្មារតីនិងកាត់បន្ថយភាពនឿយហត់ គ្រីអាទីនសម្រាប់បង្កើនកម្លាំងសាច់ដុំក្នុងការលើកទម្ងន់ធ្ងន់ៗ និងអាស៊ីតអាមីណូដែលជួយទប់ស្កាត់ការរលាកសាច់ដុំ និងជួយឱ្យរាងកាយឆាប់ងើបឡើងវិញក្រោយហាត់រួច។
ទោះបីជាវាមានអត្ថប្រយោជន៍ច្រើន ប៉ុន្តែវាមិនមែនជាវត្ថុចាំបាច់សម្រាប់មនុស្សគ្រប់គ្នានោះទេ ជាពិសេសអ្នកដែលទើបចាប់ផ្ដើមហាត់ ឬអ្នកដែលហាត់ដើម្បីសុខភាពទូទៅ។ ប្រសិនបើអ្នកបានសម្រាកគ្រប់គ្រាន់ និងទទួលទានរបបអាហារប្រចាំថ្ងៃបានត្រឹមត្រូវ អ្នកអាចនឹងមានកម្លាំងគ្រប់គ្រាន់ដោយមិនបាច់ពឹងផ្អែកលើវាឡើយ។ ទោះជាយ៉ាងណា វានឹងក្លាយជាជំនួយការដ៏ល្អ ប្រសិនបើអ្នកត្រូវហាត់នៅពេលព្រឹកព្រលឹមដែលរាងកាយមិនទាន់ស្វាងល្អ ឬក្នុងករណីដែលអ្នកមានកម្មវិធីហាត់ខ្លាំងក្លាដើម្បីបង្កើនសមត្ថភាពសាច់ដុំឱ្យដល់កម្រិតខ្ពស់បំផុត។
អ្វីដែលអ្នកគួរប្រុងប្រយ័ត្នគឺផលប៉ះពាល់ពីជាតិកាហ្វេអ៊ីន ដែលអាចធ្វើឱ្យបេះដូងលោតញាប់ ញ័រដៃ ឈឺក្បាល ឬពិបាកគេង ប្រសិនបើប្រើប្រាស់វានៅពេលល្ងាច។ ចំពោះអ្នកមានជំងឺបេះដូង លើសឈាម ឬស្ត្រីមានផ្ទៃពោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនចង់ប្រើអាហារបំប៉នកែច្នៃ អ្នកអាចជ្រើសរើសជម្រើសតាមបែបធម្មជាតិបានដូចជា ការញ៉ាំចេកជាមួយបឺរសណ្ដែកដីដែលផ្ដល់កាបូអ៊ីដ្រាតនិងប្រូតេអ៊ីន ការញ៉ាំកាហ្វេខ្មៅដើម្បីទទួលបានជាតិកាហ្វេអ៊ីនធម្មជាតិ ឬញ៉ាំអូតមៀលជាមួយផ្លែឈើដើម្បីទទួលបានថាមពលជាប់បានយូរ។
ចងចាំថា អាហារបង្កើនកម្លាំងគ្រាន់តែជាជំនួយបន្ថែមប៉ុណ្ណោះ វាមិនអាចជំនួសឱ្យការហូបចុកគ្រប់គ្រាន់ និងការសម្រាកឱ្យបានស្កប់ស្កល់នោះឡើយ៕