យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងជីវិតដ៏មមាញឹក មនុស្សជាច្រើនសុខចិត្តលះបង់ពេលវេលាគេងដើម្បីការងារ ឬការកម្សាន្តផ្សេងៗ រហូតក្លាយជាទម្លាប់។ ការគេងមិនគ្រាន់មិនត្រឹមតែធ្វើឱ្យអ្នកងងុយដេកនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមូលហេតុចម្បងដែលធ្វើឱ្យ “ប្រព័ន្ធការពាររាងកាយធ្លាក់ចុះ” យ៉ាងគំហុក។ នៅពេលយើងគេង រាងកាយនឹងផលិតជាតិប្រូតេអ៊ីនម្យ៉ាងហៅថា ស៊ីតូកាញ ដែលមានតួនាទីប្រយុទ្ធប្រឆាំងនឹងមេរោគ និងកាត់បន្ថយការរលាក។ បើអ្នកគេងតិច រាងកាយនឹងខ្វះសារធាតុនេះ ធ្វើឱ្យសមត្ថភាពទប់ទល់នឹងមេរោគ និងបាក់តេរីចុះខ្សោយ ដែលជាឱកាសឱ្យជំងឺផ្សេងៗចូលមកយាយីបានយ៉ាងងាយ។
ផលវិបាកនៃការសម្រាកមិនគ្រប់គ្រាន់ អាចនាំឱ្យអ្នកប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃចំនួន ៦ យ៉ាង រួមមាន ជំងឺផ្ដាសាយធំដែលងាយឆ្លងនិងក្រជាសះស្បើយ ជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសាររាងកាយមិនអាចគ្រប់គ្រងជាតិស្ករបានល្អ និងជំងឺបេះដូងឬសរសៃឈាមខួរក្បាល ដែលបណ្ដាលមកពីការឡើងសម្ពាធឈាម និងភាពតានតឹងខ្លាំង។ ក្រៅពីនេះ វាក៏ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត បង្កជាវិបត្តិផ្លូវចិត្ត និងការថប់បារម្ភ ព្រមទាំងធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូនឃ្លានខ្លាំងខុសធម្មតា នាំឱ្យឡើងទម្ងន់ និងធាត់ជ្រុល។ បញ្ហាចុងក្រោយគឺជំងឺសើស្បែក និងមុន ដែលកើតឡើងដោយសាររាងកាយមិនអាចទប់ទល់នឹងការរលាកស្បែកបានល្អដូចមុន។
ការគេងមិនមែនគ្រាន់តែជាការសម្រាកនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើសុខភាពរយៈពេលវែងដ៏ល្អបំផុត។ សម្រាប់មនុស្សពេញវ័យ ការគេងឱ្យបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ គឺជាវិធីសាស្ត្រដ៏ងាយស្រួល និងមានប្រសិទ្ធភាពបំផុតក្នុងការបង្កើនភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ ប្រសិនបើអ្នកនៅតែមានទម្លាប់គេងតិច ចូរចាប់ផ្ដើមកែប្រែតារាងពេលវេលា និងផ្ដល់អាទិភាពដល់ការសម្រាកឱ្យបានគ្រប់គ្រាន់ចាប់ពីយប់នេះតទៅ ដើម្បីសុខភាពល្អដែលចាប់ផ្ដើមចេញពីខ្លួនអ្នកផ្ទាល់៕