យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាសក់ស្កូវទាំងវ័យក្មេង មិនមែនកើតឡើងតែដោយសារស្ត្រេស ឬតំណពូជនោះទេ ប៉ុន្តែវាអាចជាសញ្ញាព្រមានថា រាងកាយរបស់អ្នកកំពុងខ្វះសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ផលិតមេឡានីន (សារធាតុពណ៌សក់)។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា ប្រសិនបើអ្នកមានសក់ស្កូវមុនអាយុ ៤០ ឆ្នាំ ការកែប្រែទម្លាប់ញ៉ាំអាហារ ៥ ក្រុមនេះ អាចជួយទប់ស្កាត់ និងស្តារសុខភាពសក់ឱ្យល្អប្រសើរឡើងវិញបានយ៉ាងមានប្រសិទ្ធភាព។
ក្រុមអាហារដែលអ្នកគួរទទួលទាន រួមមាន សាច់ក្រហម និងគ្រឿងក្នុងសត្វ (ដូចជាសាច់គោ មាន់ ឬថ្លើមជ្រូក) ដែលសម្បូរទៅដោយសារធាតុ “Tyrosine” និងវីតាមីន B12 ជួយដល់ការបង្កើតគ្រាប់ឈាមសម្រាប់នាំយកអុកស៊ីសែនទៅចិញ្ចឹមស្បែកក្បាល។ បន្ថែមពីនេះ ផ្លែកីវី ដែលសម្បូរវីតាមីន C ខ្ពស់ នឹងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារឫសសក់មិនឱ្យខូចខាត។ ចំណែកឯ ត្រីសាម៉ុន ដែលសម្បូរទៅដោយអូមេហ្គា ៣ នឹងជួយឱ្យសក់រឹងមាំ មិនងាយជ្រុះ និងផ្ដល់សំណើមដល់សរសៃសក់ពីខាងក្នុង។
ក្រៅពីនេះ ការទទួលទាន គ្រាប់ធញ្ញជាតិ មួយក្ដាប់ដៃក្នុងមួយថ្ងៃ នឹងផ្ដល់នូវសារធាតុស័ង្កសីនិងវីតាមីន B រួម ដែលប្រៀបដូចជាប្រព័ន្ធដឹកជញ្ជូនសារធាតុចិញ្ចឹមទៅកាន់សរសៃសក់។ ការទទួលបានរបបអាហារដែលមានតុល្យភាពពីក្រុមអាហារទាំងនេះ មិនត្រឹមតែជួយឱ្យសក់ត្រឡប់មកខ្មៅរលោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំប៉នសុខភាពស្បែកក្បាលឱ្យរឹងមាំ និងមានថាមពលពីខាងក្នុងមកក្រៅផងដែរ៕