យោងតាមការចុះផ្សាយពីប្រភពប្រទេស ក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួលញាប់ញ័រ អាការៈឈឺបំពង់ក រមាស់ក ឬស្អកក តែងតែកើតមានឡើងចំពោះមនុស្សគ្រប់វ័យ។ មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំពេទ្យ អ្នកអាចសាកល្បងប្រើប្រាស់រូបមន្តបុរាណបែបធម្មជាតិ ដែលមិនត្រឹមតែជួយបំបាត់ការឈឺចាប់ ប៉ុន្តែថែមទាំងជួយកម្ចាត់មេរោគបាក់តេរី និងពង្រឹងប្រព័ន្ធការពាររាងកាយទៀតផង។
មធ្យោបាយដែលងាយស្រួល និងពេញនិយមបំផុតគឺការ “ខ្ពុរមាត់ជាមួយទឹកអំបិលក្តៅឧណ្ហៗ” ដែលជួយកាត់បន្ថយការរលាក និងសម្លាប់បាក់តេរីក្នុងបំពង់កបានយ៉ាងរហ័ស។ ប្រសិនបើអ្នកចង់បានប្រសិទ្ធភាពទ្វេដង អ្នកអាចប្រើរូបមន្ត “ទឹកឃ្មុំ លាយក្រូចឆ្មារ និងទឹកខ្ញី” ដែលទឹកឃ្មុំជួយកម្ចាត់វីរុស ចំណែកក្រូចឆ្មារជួយឱ្យបំពង់កមានសំណើម និងខ្ញីជួយកាត់បន្ថយការរលាក។ សម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈក្ដៅៗ ការក្រេប “តែបៃតងក្ដៅ” ឬ “តែរ៉ាសប៊ឺរី” មិនត្រឹមតែផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរំលាយស្លេស្ម និងធ្វើឱ្យបំពង់កស្រឡះល្អផងដែរ។
ក្រៅពីនេះ នៅមានរូបមន្តប្លែកៗដែលផ្ដល់លទ្ធផលគួរឱ្យភ្ញាក់ផ្អើលដូចជា ការប្រើ “ម្សៅរមៀតលាយអំបិល” ដើម្បីប្រឆាំងការឆ្លងមេរោគ ឬការប្រើ “ទឹកខ្មេះប៉ោម” ដើម្បីកម្ចាត់មេរោគ និងកាត់បន្ថយការក្អក។ សូម្បីតែ “ផ្កាក្លាំពូ” និង “ម្សៅម្ទេស” (ក្នុងបរិមាណតិចតួចលាយទឹកក្ដៅសម្រាប់ខ្ពុរមាត់) ក៏មានសមត្ថភាពជាថ្នាំសម្លាប់មេរោគ និងកាត់បន្ថយការឈឺចាប់យ៉ាងល្អប្រសើរ។ ការជ្រើសរើសប្រើប្រាស់ធនធានធម្មជាតិនៅក្នុងផ្ទះបាយ គឺជាជម្រើសដ៏ឆ្លាតវៃ សុវត្ថិភាព និងសន្សំសំចៃបំផុតសម្រាប់ថែរក្សាសុខភាពបំពង់ករបស់អ្នកឱ្យត្រឡប់មករឹងមាំវិញ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕