យោងតាមការចុះផ្សាយពីប្រភពបរទេស ពោះវៀនមិនមែនមានតួនាទីត្រឹមតែរំលាយអាហារនោះទេ ប៉ុន្តែវាគឺជាមជ្ឈមណ្ឌលនៃប្រព័ន្ធស៊ាំ ការបឺតស្រូបសារធាតុចិញ្ចឹម និងជាអ្នកត្រួតពិនិត្យអារម្មណ៍ផ្លូវចិត្តរបស់អ្នកទៀតផង។ ប្រសិនបើពោះវៀនដំណើរការបានល្អ រាងកាយនឹងទាញយកថាមពលបានពេញលេញ និងការពារជាតិពុលមិនឱ្យជ្រាបចូលទៅក្នុងឈាម ប៉ុន្តែបើវាមានបញ្ហា វានឹងបង្កផលប៉ះពាល់ទាំងក្នុងនិងក្រៅរាងកាយដោយអ្នកមិនដឹងខ្លួន។
ភាពខុសគ្នារវាងអ្នកដែលមានសុខភាពពោះវៀនល្អ និងមិនល្អ អាចសម្គាល់បានយ៉ាងងាយតាមរយៈការបន្ទោបង់ និងស្ថានភាពរាងកាយ។ អ្នកដែលមានពោះវៀនសុខភាពល្អ តែងបន្ទោបង់ទៀងទាត់ ១ ទៅ ២ ដងក្នុងមួយថ្ងៃ មានស្បែកស្រស់ថ្លា មិនងាយឈឺថ្កាត់ និងមានស្មារតីមូលល្អ មិនសូវមួម៉ៅឡើយ។ ផ្ទុយទៅវិញ សញ្ញាអាសន្នដែលបញ្ជាក់ថាពោះវៀនអ្នកកំពុងមានបញ្ហា រួមមានការទល់លាមកញឹកញាប់ ឬរាករូស ស្បែកស្រអាប់មានមុនឬកន្ទួលរមាស់ ងាយឆ្លងជំងឺផ្ដាសាយ និងមានអារម្មណ៍ប្រែប្រួលឆាប់រហ័ស ថប់បារម្ភ ឬគេងមិនលក់។ មូលហេតុគឺដោយសារពោះវៀនមានតួនាទីផលិតសារធាតុសេរ៉ូតូនីន ដែលជាអ្នកគ្រប់គ្រងសេចក្ដីសុខផ្លូវចិត្ត។
មូលហេតុដែលពោះវៀនមានឥទ្ធិពលខ្លាំងបែបនេះ ក៏ព្រោះតែវាជាកន្លែងរស់នៅរបស់មីក្រូសារពាង្គកាយល្អៗរាប់រយលានដែលជួយដល់ប្រព័ន្ធការពាររាងកាយ។ ប្រសិនបើជញ្ជាំងពោះវៀនរលាក ជាតិពុលនឹងជ្រាបចូលទៅក្នុងចរន្តឈាម បង្កឱ្យមានការរលាកដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយទាំងមូល។ ដើម្បីថែរក្សាពោះវៀនឱ្យរឹងមាំ អ្នកគួរចាប់ផ្ដើមពីការទទួលទានអាហារដែលមានកាកសរសៃ គេងឱ្យបានគ្រប់គ្រាន់ និងចេះគ្រប់គ្រងភាពតានតឹង ដើម្បីឱ្យរាងកាយ និងចិត្តមានតុល្យភាពចេញពីខាងក្នុងមកពិតប្រាកដ៕