យោងតាមការចុះផ្សាយពីប្រភពបរទេស ខួរក្បាលគឺជាផ្នែកដែលយើងប្រើប្រាស់ធ្ងន់បំផុតរាល់ថ្ងៃ ទោះជាការងារ ឬការសិក្សា។ ដើម្បីឱ្យសរីរាង្គដ៏សំខាន់នេះដំណើរការបានពេញប្រសិទ្ធភាព និងជៀសផុតពីជំងឺអាល់ហ្សៃមឺរ ការជ្រើសរើសរបបអាហារត្រឹមត្រូវគឺជា “អាវុធសម្ងាត់” ដែលអ្នកមិនគួរមើលរំលងឡើយ។
អាហារដំបូងដែលងាយរកបំផុតគឺ “ស៊ុត” ដែលសម្បូរទៅដោយសារធាតុ “កូលីន” ជួយអភិវឌ្ឍប្រព័ន្ធការងាររបស់ខួរក្បាលបានយ៉ាងប្រសើរ។ បន្ទាប់មកគឺ “ត្រីសមុទ្រ” ដូចជាត្រីសាម៉ុង ឬត្រីធូណា ដែលសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយបំប៉នកោសិកាខួរក្បាល និងពង្រឹងជញ្ជាំងកោសិកាប្រសាទឱ្យរឹងមាំ។ ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារសម្រន់ “គ្រាប់ធញ្ញជាតិ” (អាល់ម៉ុន ឬសណ្ដែកដី) គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាផ្តល់វីតាមីន E និង B1 ដែលជួយដល់ដំណើរការគិត និងការចងចាំ។
សម្រាប់អ្នកដែលចង់ឱ្យស្មារតីស្រស់ថ្លា “ផ្លែឈើត្រកូលប៊ឺរី” (ស្ត្រប៊ឺរី ឬប៊្លូប៊ឺរី) ជួយឱ្យប្រព័ន្ធឈាមរត់ទៅចិញ្ចឹមខួរក្បាលបានល្អ និងបង្កើនកម្រិត IQ ឱ្យកាន់តែប្រសើរឡើង។ អ្វីដែលពិសេសបំផុតនោះគឺ “សូកូឡាខ្មៅ” ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបង្កើនប្រសិទ្ធភាពខួរក្បាល ប៉ុន្តែគួរញ៉ាំក្នុងបរិមាណសមល្មមដើម្បីជៀសវាងលើសកាឡូរី។ ក្រៅពីរបបអាហារ ការហាត់ប្រាណឱ្យបានទៀងទាត់ ការគេងលក់ឱ្យបានស្កប់ស្កល់ និងការកាត់បន្ថយភាពតានតឹង ក៏ជាកត្តាចម្បងដែលជួយឱ្យខួរក្បាលរបស់អ្នកនៅក្មេងខ្ចី និងរឹងមាំជានិច្ច៕