យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងសម័យកាលបច្ចេកវិទ្យា ទូរស័ព្ទដៃប្រៀបដូចជាសរីរាង្គទី ៥ របស់មនុស្ស ប៉ុន្តែការប្រើប្រាស់ហួសកម្រិតអាចឱ្យអ្នកធ្លាក់ចូលក្នុងអន្ទាក់នៃជំងឺញៀនបណ្តាញសង្គម (Social Addiction)។
អ្នកជំនាញផ្នែកវិកលវិទ្យាបានព្រមានថា ការចំណាយពេលលើបណ្ដាញសង្គមច្រើនពេក មិនត្រឹមតែធ្វើឱ្យបាត់បង់ការសម្រាកប៉ុណ្ណោះទេ តែវាបង្កជាសម្ពាធផ្លូវចិត្ត ភាពតានតឹង ជំងឺវង្វេងស្មារតី និងឈានទៅរកជំងឺបាក់ទឹកចិត្តទៀតផង ដោយសារការផ្ដោតអារម្មណ៍ខ្លាំងលើពិភពសិប្បនិម្មិតរហូតកាត់ផ្ដាច់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។
សញ្ញាដែលបញ្ជាក់ថាអ្នកកំពុងមានបញ្ហា គឺការចំណាយពេលលេងលើសពីការកំណត់ មានអារម្មណ៍មួម៉ៅក្ដៅក្រហាយនៅពេលមិនបានប្រើប្រាស់ ឬព្យាយាមកាត់បន្ថយការលេងដែរតែធ្វើមិនបានសម្រេច។ លើសពីនេះ ប្រសិនបើអ្នកតែងតែនឹកគិតដល់រឿងក្នុងបណ្តាញសង្គមជានិច្ចទោះកំពុងធ្វើការងារផ្សេង ប្រើប្រាស់វាជាមធ្យោបាយតែមួយគត់ដើម្បីរំសាយស្ត្រេស ឬចាប់ផ្តើមមានបញ្ហាក្នុងការងារ និងប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជិតស្និទ្ធ នោះមានន័យថាបណ្ដាញសង្គមកំពុងគ្រប់គ្រងជីវិតរបស់អ្នកលើសកម្រិតហើយ។
ដើម្បីការពារសុខភាពផ្លូវចិត្ត អ្នកគួរចាប់ផ្ដើមកំណត់ពេលវេលាប្រើប្រាស់ឱ្យបានច្បាស់លាស់ ដោយអាចប្រើមុខងារកំណត់ម៉ោងលើទូរស័ព្ទជាជំនួយ និងងាកមកធ្វើសកម្មភាពក្នុងជីវិតពិតឱ្យបានច្រើន ដូចជាការហាត់ប្រាណ ការរៀនជំនាញថ្មីៗ ឬការជួបជុំសាច់ញាតិមិត្តភក្តិផ្ទាល់ដើម្បីឱ្យខួរក្បាលមានតុល្យភាពឡើងវិញ។ ប្រសិនបើអ្នកមានអារម្មណ៍ថា មិនអាចគ្រប់គ្រងខ្លួនឯងបានតាមវិធីខាងលើ ការពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្តគឺជាជម្រើសដ៏ល្អបំផុត ដើម្បីស្វែងរកការព្យាបាលឱ្យទាន់ពេលវេលា និងជៀសផុតពីវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ៕