យោងតាមការចុះផ្សាយពីប្រភពបរទេស មតិជាច្រើនយល់ថាការញ៉ាំខ្នុរបង្កឱ្យពុល ឬពិបាករំលាយអាហារ ប៉ុន្តែតាមការពិត ខ្នុរគឺជាប្រភពវីតាមីន C និងវីតាមីន B (B6, អាស៊ីតហ្វូលិក) យ៉ាងសម្បូរបែបដែលជួយពង្រឹងរាងកាយឱ្យមាំមួន។
សូម្បីតែគ្រាប់ខ្នុរក៏មានផ្ទុកប្រូតេអ៊ីន ប៉ូតាស្យូម និងកាល់ស្យូមខ្ពស់ផងដែរ។ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថាខ្នុរបង្កឱ្យមានអាការៈពុលនោះទេ ប៉ុន្តែបញ្ហាសុខភាពអាចកើតឡើងបាន ប្រសិនបើអ្នកញ៉ាំវាខុសរបៀប។
ដោយសារខ្នុរសម្បូរទៅដោយជាតិស្ករដែលរាងកាយស្រូបយកបានលឿន អ្នកគួរជៀសវាងការញ៉ាំខ្នុរលាយជាមួយទឹកដោះគោ ឬដំឡូងបារាំង ព្រោះវាធ្វើឱ្យលើសជាតិស្ករខ្លាំង បង្កជាអាការៈហើមពោះ ឡើងមុន និងលើសទម្ងន់។ កម្រិតដែលល្អបំផុតសម្រាប់ការញ៉ាំក្នុងមួយលើក គឺចន្លោះពី ១០០ ទៅ ១៥០ ក្រាម (ប្រហែល ៥ ទៅ ៦ គ្រាប់)។ ជាពិសេស នៅពេលដែលអ្នកញ៉ាំខ្នុរហើយ អ្នកគួរកាត់បន្ថយការញ៉ាំអាហារប្រភេទម្សៅ ឬបង្អែមផ្សេងៗទៀត ដើម្បីរក្សាតុល្យភាពជាតិស្ករក្នុងឈាម និងការពារកុំឱ្យលើសកាឡូរីក្នុងរាងកាយ៕