យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលបម្រើការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ឬតែងតែភ្ញាក់មកមានអាការៈឈឺបំពង់ក ទឹកដូងគឺជាជម្រើសដ៏វិសេសវិសាលក្នុងការជួយសម្រាលអាការៈនេះ។ ទឹកដូងមិនត្រឹមតែជាភេសជ្ជៈជួយបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយជាតិអេឡិចត្រូលីតធម្មជាតិ ដូចជា សូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងប៉ូតាស្យូម ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់សំណើម និងកាត់បន្ថយការរលាក។
នៅពេលអ្នកឈឺបំពង់ក ភ្នាសរំអិលក្នុងបំពង់កនឹងប្រែជាស្ងួត និងតឹងណែនដែលបង្កឱ្យមានការឈឺផ្សា។ តិចនិកដ៏សាមញ្ញមួយគឺ “ការងក់ទឹកដូងទុកក្នុងបំពង់ករយៈពេល ៥ នាទី” រួចសឹមលេបចូល។ ជាតិទឹកដូងនឹងជ្រាបចូលទៅក្នុងស្រទាប់កោសិកានៃប្រព័ន្ធដង្ហើម ជួយរក្សាតុល្យភាពជាតិទឹក និងកាត់បន្ថយការឈឺចាប់បានយ៉ាងឆាប់រហ័ស។ លើសពីនេះ ដោយសារទឹកដូងមានលក្ខណៈជាអាល់កាឡាំងខ្សោយ វាជួយបន្សាបជាតិអាស៊ីត និងផ្ដល់សំណើមដល់បំពង់កដែលកំពុងរលាកឱ្យមានភាពត្រជាក់ស្រួលវិញ។
ទោះបីជាទឹកដូងមានអត្ថប្រយោជន៍ច្រើន ដោយការញ៉ាំចន្លោះពី ២០០ ទៅ ៤០០ មិល្លីលីត្រក្នុងមួយថ្ងៃ អាចជួយសម្រាលរោគសញ្ញារលាកបំពង់កបានក៏ដោយ ប៉ុន្តែអ្នកដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃគួរតែប្រុងប្រយ័ត្ន និងកម្រិតការញ៉ាំដោយសារជាតិប៉ូតាស្យូមខ្ពស់។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬបញ្ហាប្រព័ន្ធរំលាយអាហារ (រោគសញ្ញាពោះវៀនរសើប) ក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យ ឬញ៉ាំក្នុងបរិមាណសមល្មម ដើម្បីជៀសវាងផលរំខានផ្សេងៗ៕