យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានទម្លាប់ចិតសំបកផ្លែឈើដូចជា ប៉ោម ឬត្របែក ចោល ព្រោះបារម្ភខ្លាចមានជាប់ជាតិគីមីកសិកម្ម ឬថ្នាំរក្សាគុណភាព។ ប៉ុន្តែតាមការពិត ប្រសិនបើផ្លែឈើត្រូវបានប្រើប្រាស់ជាតិគីមីតាំងពីដំណាក់កាលដាំដុះ សារធាតុទាំងនោះនឹងជ្រាបចូលទៅក្នុងសាច់ខាងក្នុងបាត់ទៅហើយ ការចិតសំបកចេញមិនមែនជាមធ្យោបាយបង្ការដែលមានប្រសិទ្ធភាពទាំងស្រុងនោះទេ។
ផ្ទុយទៅវិញ សំបកផ្លែឈើមួយចំនួនគឺជា “ឃ្លាំងវីតាមីន” ដែលអ្នកមិនគួររំលង៖
- សំបកត្របែក៖ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងបាក់តេរី និងជួយកាត់បន្ថយការរលាក។
- សំបកត្រសក់៖ សម្បូរជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន K ដែលជួយបន្សាបជាតិពុលក្នុងរាងកាយ។
- សំបកដំឡូងបារាំង៖ ជាប្រភពនៃជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន B6 និង C យ៉ាងច្រើនលើសលប់។
ដើម្បីកម្ចាត់ជាតិគីមី ឬថ្នាំរក្សាគុណភាពដែលជាប់នៅលើសំបក អ្នកគ្រាន់តែលាងសម្អាតផ្លែឈើឱ្យបានហ្មត់ចត់ជាមួយទឹកស្អាតជាការស្រេច។ ការចិតសំបក និងហាន់ជាចំណិតទុកចោលយូរ ថែមទាំងអាចធ្វើឱ្យបាត់បង់កម្រិតវីតាមីន C ទៀតផង។ យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សពេញវ័យគួរញ៉ាំផ្លែឈើទុំចន្លោះពី ១០០ ទៅ ២០០ ក្រាមជារៀងរាល់ថ្ងៃ ដោយបែងចែកជាចំណែកតូចៗញ៉ាំពេញមួយថ្ងៃ ដើម្បីឱ្យរាងកាយស្រូបយកវីតាមីន សារធាតុរ៉ែ និងជាតិសរសៃបានល្អបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ៕