យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយម និងមានអត្ថប្រយោជន៍ចំពោះសុខភាព ប្រសិនបើទទួលទានក្នុងបរិមាណសមស្រប។ ប៉ុន្តែសម្រាប់អ្នកដែលញៀនកាហ្វេខ្លាំង រហូតញ៉ាំដល់ទៅ ៥-៦ កែវក្នុងមួយថ្ងៃ ឬញ៉ាំជំនួសទឹកស្អាតនោះ វាលែងជាជំនួយឱ្យស្វាងភ្នែកទៀតហើយ តែវាគឺជា “សត្រូវ” លាក់មុខដែលកំពុងយាយីដល់ប្រព័ន្ធបេះដូង និងសរសៃឈាមរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។
តាមផ្នែកវេជ្ជសាស្ត្រ ជាតិកាហ្វេអ៊ីនដែលលើសកម្រិតនឹងទៅដាស់ប្រព័ន្ធប្រសាទឱ្យធ្វើការខ្លាំងហួសប្រមាណ បណ្ដាលឱ្យចង្វាក់បេះដូងលោតញាប់ និងឡើងសម្ពាធឈាមភ្លាមៗ។ ស្ថានភាពនេះគឺជាហានិភ័យខ្ពស់ដែលបង្កឱ្យមានអាការៈតឹងទ្រូង ឬអាចឈានដល់ការដាច់សរសៃឈាមបេះដូង ជាពិសេសចំពោះអ្នកដែលមានជំងឺប្រចាំកាយស្រាប់។ អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀត កាហ្វេដែលមិនបានចម្រោះល្អ (ដូចជាកាហ្វេហ្វីន) មានផ្ទុកជាតិប្រេងធម្មជាតិដែលទៅបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឱ្យសរសៃឈាមឆាប់រឹង និងបង្កជាកំណកកំបោរក្នុងសរសៃឈាមបេះដូង។
ក្រៅពីប៉ះពាល់ដល់បេះដូង ការញ៉ាំកាហ្វេច្រើនពេកក៏ទៅរារាំងអ័រម៉ូនមេឡាតូនីនដែលជាអ្នកជួយឱ្យយើងគេងលក់ និងការពារប្រព័ន្ធសរសៃឈាមផងដែរ។ ដើម្បីសុវត្ថិភាព អ្នកមានសុខភាពល្អគួរញ៉ាំជាតិកាហ្វេអ៊ីនតិចជាង ៤០០ មិល្លីក្រាម (ប្រហែល ២-៣ កែវ) ក្នុងមួយថ្ងៃ ចំណែកអ្នកមានជំងឺលើសឈាមគួរកាត់បន្ថយមកត្រឹមតិចជាង ២០០ មិល្លីក្រាម។
សូមចងចាំថា កាហ្វេមិនអាចជំនួសទឹកស្អាតបានឡើយ ព្រោះរាងកាយរបស់អ្នកត្រូវការទឹកដើម្បីរក្សាតុល្យភាព និងលាងជម្រះជាតិពុលចេញពីកោសិកា៕