យោងតាមការចុះផ្សាយពីប្រភពបរទេស ការក្អកជារឿងធម្មតានៅពេលអ្នកផ្ដាសាយ ប៉ុន្តែវាក៏អាចជាសញ្ញាព្រមាននៃជំងឺសួត ឬបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត ប្រសិនបើវាមិនបាត់ទៅវិញតាមពេលវេលាកំណត់។
បើតាមអ្នកជំនាញវេជ្ជសាស្ត្រ ការក្អកត្រូវបានបែងចែកជា ៣ ដំណាក់កាលសំខាន់ៗគឺ ការក្អកស្រួចស្រាវដែលមានរយៈពេលតិចជាង ៣ សប្តាហ៍ ការក្អកពាក់កណ្ដាលស្រួចស្រាវដែលមានរយៈពេលចន្លោះពី ៣ ទៅ ៨ សប្តាហ៍ និងការក្អករ៉ាំរ៉ៃដែលអូសបន្លាយពេលយូរជាង ៨ សប្តាហ៍។
ទោះបីជាការក្អកភាគច្រើនអាចធូរស្រាលទៅវិញដោយខ្លួនឯង ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ប្រសិនបើអាការៈនេះប្រែជាមិនធម្មតា។ សញ្ញាអាសន្នដែលតម្រូវឱ្យអ្នកទៅជួបគ្រូពេទ្យជាបន្ទាន់ រួមមានការក្អកមានឈាម ឬស្លេស្មលាយឈាម មានអាការៈស្អកសំឡេង ស្រកទម្ងន់ខុសធម្មតា មានគ្រុនក្ដៅ ឬដកដង្ហើមហត់ខ្លាំងសូម្បីតែក្នុងពេលសម្រាក។ បន្ថែមពីនេះ ប្រសិនបើអ្នកមានប្រវត្តិរលាកសួតញឹកញាប់ មានអាការៈពិបាកលេបអាហារ ឬមានអារម្មណ៍ថាឈឺបំពង់កខ្លាំងពេលលេបម្តងៗ វាកាន់តែបង្ហាញច្បាស់ថាស្ថានភាពសុខភាពរបស់អ្នកត្រូវការការពិនិត្យតាមដានផ្នែកវេជ្ជសាស្ត្រ។
ការទៅជួបគ្រូពេទ្យទាន់ពេលវេលាដើម្បីធ្វើការថតកាំរស្មីអ៊ិចសួត និងពិនិត្យរាងកាយឱ្យបានច្បាស់លាស់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការស្វែងរកមូលហេតុពិតប្រាកដ និងទទួលបានការព្យាបាលត្រឹមត្រូវ។ ការយល់ដឹងពីសញ្ញាព្រមានទាំងនេះ មិនត្រឹមតែជួយឱ្យអ្នកឆាប់ជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការជំងឺសួតធ្ងន់ធ្ងរមិនឱ្យវិវត្តទៅមុខទៀតផង៕