យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលរាងកាយចុះខ្សោយ ការជ្រើសរើសអាហារពិតជាសំខាន់ណាស់។ អាហារខ្លះមើលទៅមានប្រយោជន៍ តែវាអាចក្លាយជា “សត្រូវ” ធ្វើឱ្យរាងកាយអ្នកធ្វើការធ្ងន់ និងអូសបន្លាយពេលឈឺឱ្យយូរជាងមុន។ ខាងក្រោមនេះជាអាហារដែលអ្នកគួរ “ជៀសវាង” តាមប្រភេទរោគសញ្ញានីមួយៗ៖
ប្រសិនបើអ្នក កំពុងមានគ្រុនផ្ដាសាយ ឬក្ដៅខ្លួន អ្នកគួរជៀសវាង “បន្លែស្ពៃពួយឡេង ” ព្រោះវាសម្បូរជាតិអ៊ីស្តាមីនដែលអាចបង្កឱ្យមានការរលាកកាន់តែខ្លាំង។ ចំណែកឯ “គ្រាប់ធញ្ញជាតិ” និង “ផ្កាខាត់ណាខៀវ” ក៏គួរផ្អាកសិនដែរ ព្រោះវាមានជាតិខ្លាញ់ និងកាកសរសៃខ្ពស់ ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់ក្នុងពេលដែលអ្នកកំពុងអស់កម្លាំង។
ចំពោះអ្នកដែលមានអាការៈ ឈឺក្បាល គួរជៀសវាង “ឈីស” និង “អាហារផ្អាប់ ឬជ្រក់” ព្រោះវាមានសារធាតុដែលធ្វើឱ្យសរសៃឈាមរីក និងរួមតូចខុសធម្មតា បណ្ដាលឱ្យអាការៈឈឺក្បាលកាន់តែខ្លាំង។ ប្រសិនបើអ្នក ឈឺក ឬក្អក អ្នកមិនគួរញ៉ាំ “បន្លែឆៅ” ដែលមានសភាពរឹង និង “ផ្លែឈើរសជាតិជូរខ្លាំង” ឡើយ ព្រោះជាតិអាស៊ីត និងភាពរដុបរបស់វាធ្វើឱ្យរមាស់ និងរលាកបំពង់កកាន់តែធ្ងន់ធ្ងរ។
ចំណែកឯអ្នកដែលមានបញ្ហា ឈឺពោះ ចង់ក្អួត ឬរាក គួរជៀសវាងដាច់ខាតនូវ “ផលិតផលធ្វើពីទឹកដោះគោ” ព្រោះជាតិឡាក់តូសធ្វើឱ្យក្រពះពិបាករំលាយ។ ក្រៅពីនេះ “កន្ទក់ស្រូវ ឬអាហារដែលមានជាតិកាកសរសៃមិនរលាយខ្ពស់” និង “សណ្ដែក” ក៏អាចបង្កឱ្យមានខ្យល់ក្នុងពោះ និងធ្វើឱ្យអាការៈរាគរូសកាន់តែអាក្រក់ផងដែរ។ ការចេះជ្រើសរើសអាហារដែលទន់ និងងាយរំលាយក្នុងកំលុងពេលឈឺ នឹងជួយឱ្យរាងកាយអ្នកឆាប់មានកម្លាំង និងត្រលប់មកមានសុខភាពល្អវិញបានយ៉ាងឆាប់រហ័ស៕