ពេលព្រឹក គឺជាពេលវេលាកំណត់ «សន្ទុះ» សម្រាប់ពេញមួយថ្ងៃរបស់អ្នក ។ ប៉ុន្តែមនុស្សភាគច្រើនបែរជាធ្វើរឿងដែលប៉ះពាល់ដល់ថាមពល និងសុខភាពដោយមិនដឹងខ្លួន ។ ការបន្តធ្វើទម្លាប់ទាំងនេះ នឹងបំផ្លាញរាងកាយ និងស្មារតីរបស់អ្នកបន្តិចម្តងៗ។
ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ ៥យ៉ាង ដែលអ្នកគួរផ្លាស់ប្តូរចេញពីពេលព្រឹកព្រលឹម៖
១. ការចុចពន្យារម៉ោងរោទ៍
នៅពេលអ្នកចុចពន្យារម៉ោង (Snooze) ដើម្បីគេងបន្ត ៥ ឬ១០ នាទីទៀត រាងកាយរបស់អ្នកនឹងធ្លាក់ចូលទៅក្នុងវដ្តនៃការគេងថ្មីមួយដែលមិនពេញលេញ។
–វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្ពឹកស្រពន់ និងវង្វេងវង្វាន់ (Brain Fog) ពេញមួយព្រឹក ដែលខុសពីការភ្ញាក់ឡើងភ្លាមៗនៅពេលម៉ោងរោទ៍លើកដំបូង។
២. ឆែកទូរស័ព្ទភ្លាមៗក្រោយភ្ញាក់ពីគេង
ការមើលសារក្នុងតេឡេក្រាម អ៊ីមែលការងារ ឬអូស Facebook ភ្លាមៗ ធ្វើឱ្យខួរក្បាលរងសម្ពាធពីព័ត៌មាន និងការងារទាំងដែលវាមិនទាន់បានត្រៀមខ្លួនរួចរាល់។
– វាបង្កើតឱ្យមានភាពតានតឹង (Stress) និងការថប់បារម្ភតាំងពីដើមទី ដែលធ្វើឱ្យការផ្ដោតអារម្មណ៍ពេញមួយថ្ងៃរបស់អ្នកធ្លាក់ចុះ។
៣. ទទួលទានកាហ្វេទាំងពោះទទេ
កាហ្វេអ៊ីនអាចជួយឱ្យស្វាង ប៉ុន្តែការញ៉ាំវានៅពេលពោះទទេ នឹងរំខានដល់កម្រិតអ័រម៉ូន Cortisol (អ័រម៉ូនថាមពលធម្មជាតិ) ក្នុងរាងកាយ។
– វាបង្កើនជាតិអាស៊ីតក្នុងក្រពះ ដែលអាចនាំឱ្យរលាកក្រពះ និងធ្វើឱ្យអ្នកមានអារម្មណ៍ញ័រដៃ ឬភ័យព្រួយខុសធម្មតា។ គួរញ៉ាំទឹកធម្មតា ឬអាហារបន្តិចបន្តួចមុនពេលញ៉ាំកាហ្វេ។
៤. ការរំលងអាហារពេលព្រឹក ឬញ៉ាំអាហារដែលមានជាតិស្ករខ្ពស់
ការមិនញ៉ាំអាហារពេលព្រឹក ឬញ៉ាំនំបុ័ងផ្អែមៗ និងភេសជ្ជៈផ្អែម ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក រួចក៏ធ្លាក់ចុះមកវិញយ៉ាងលឿន។
-អ្នកនឹងមានអារម្មណ៍អស់កម្លាំង និងឃ្លានខ្លាំងនៅចន្លោះពេលថ្ងៃ ដែលនាំឱ្យញ៉ាំច្រើនជ្រុល និងងាយឡើងទម្ងន់។
៥. ការមិនផឹកទឹកក្រោយពេលភ្ញាក់ពីគេង
រាងកាយរបស់អ្នកបានបាត់បង់ជាតិទឹកអស់រយៈពេល ៧-៨ ម៉ោង ក្នុងអំឡុងពេលគេង។ ការមិនបំពេញជាតិទឹកភ្លាមៗ គឺជាកំហុសដ៏ធំមួយ។
– វាធ្វើឱ្យការរំលាយអាហារយឺតយ៉ាវ កោសិកាខួរក្បាលមិនស្រស់ថ្លា និងធ្វើឱ្យស្បែកស្ងួត។
តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានពេលព្រឹកដ៏ល្អ?
-ផឹកទឹកមួយកែវធំ៖ ជួយដាស់សរីរាង្គខាងក្នុង និងបង្កើនការរំលាយអាហារ។
-ហាត់ប្រាណស្រាលៗ៖ ការយោលដៃជើង ឬធ្វើសមាធិ ៥ នាទី ជួយឱ្យឈាមរត់បានល្អ។
-ទទួលពន្លឺថ្ងៃ៖ ពន្លឺព្រះអាទិត្យពេលព្រឹកជួយកំណត់នាឡិកាជីវសាស្ត្រក្នុងរាងកាយឱ្យដំណើរការត្រឹមត្រូវ។