យោងតាមការចុះផ្សាយពីប្រភពបរទេស ការរស់នៅជាមួយបញ្ហាតម្រងនោមចុះខ្សោយ ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើរបបអាហារលើសពីការកាត់បន្ថយជាតិប្រៃ ព្រោះសត្រូវលាក់មុខដែលគួរឱ្យខ្លាចបំផុតគឺ “ផូស្វ័រ”។ នៅពេលតម្រងនោមមិនអាចបំពេញតួនាទីចម្រោះជាតិរ៉ែបានល្អ ជាតិផូស្វ័រនឹងដក់ជាប់ក្នុងឈាមកាន់តែខ្លាំង បង្កឱ្យមានអាការៈរមាស់យាយីតាមស្បែក ធ្វើឱ្យស្បែកប្រែជាខ្មៅស្រអាប់ខុសធម្មតា និងអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺវាទៅបូមយកជាតិកាល់ស្យូមចេញពីឆ្អឹង ដែលបណ្ដាលឱ្យឆ្អឹងរបស់អ្នកស្រួយស្រឹបងាយនឹងបាក់ទោះបីជាប៉ះទង្គិចតិចតួចក៏ដោយ។
ដើម្បីថែរក្សាសុខភាពតម្រងនោមឱ្យរឹងមាំ និងជៀសផុតពីផលវិបាកទាំងនេះ យុទ្ធសាស្ត្រដ៏ល្អបំផុតគឺការជ្រើសរើសអាហារដែលមាន “ពណ៌ស្រាល” ឬ “ពណ៌ស្លេក”។ ក្នុងរបបអាហារប្រចាំថ្ងៃ អ្នកគួរផ្ដោតលើការញ៉ាំផ្នែកសនៃស៊ុត សាច់ត្រី ឬសាច់ជ្រូកឥតខ្លាញ់ និងប្តូរពីបាយសម្រូបមកញ៉ាំបាយស ឬវីនស៊ុយវិញ។ ចំពោះបន្លែ អ្នកគួរជ្រើសរើសប្រភេទបន្លែពណ៌ស្រាលដូចជា ស្ពៃក្ដោប ស្ពៃបូកគោ និងត្រឡាច ដោយឡែកការយកបន្លែទាំងនោះទៅស្រុះ ឬស្ងោរក្នុងទឹកពុះរួចចាក់ទឹកចោលមុននឹងយកទៅស្ល គឺជាតិចនិកមាសក្នុងការជួយកាត់បន្ថយជាតិផូស្វ័រដែលលើសបានយ៉ាងល្អប្រសើរ។
ផ្ទុយទៅវិញ អ្នកត្រូវដាច់ខាតកាត់បន្ថយ ឬជៀសវាងអាហារដែលមានជាតិផូស្វ័រខ្ពស់ដូចជា ផ្នែកលឿងនៃស៊ុត គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ផលិតផលធ្វើពីទឹកដោះគោ បន្លែពណ៌ដិតខ្លាំង (ដូចជាខាត់ណា ឬផ្ទី) និងភេសជ្ជៈដែលមានពណ៌ខ្មៅ ឬសូកូឡា។ ការរក្សាតុល្យភាពរបបអាហារបានត្រឹមត្រូវ រួមផ្សំជាមួយនឹងការញ៉ាំថ្នាំតាមវេជ្ជបញ្ជាឱ្យបានទៀងទាត់ មិនត្រឹមតែជួយសម្រាលបន្ទុកដល់តម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែករបស់អ្នកត្រឡប់មកមានសុខភាពល្អ និងការពារឆ្អឹងឱ្យរឹងមាំបានយូរអង្វែងផងដែរ៕