រាងកាយតែងបញ្ជូននូវសញ្ញាផ្សេងៗឱ្យដឹងអំពីបញ្ហានានា, ភាពមិនប្រក្រតីណាមួយ និងជំងឺដែលជាញឹកញយពួកយើងមិនបានដឹង ឬសូម្បីតែចាប់អារម្មណ៍។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយអណ្ដាតក៏ជាផ្នែកមួយនៃរាងកាយដែលអាចបង្ហាញឱ្យដឹងពីបញ្ហាសុខភាពផ្សេងៗកំពុងកើតឡើងផងដែរ ប្រសិនបើវាមានភាពប្រែប្រួល។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពតាមរយៈស្ថានភាពនៃអណ្ដាត ៖
១. អណ្ដាតមានពណ៌ក្រហមស្ត្របឺរី
ស្ថានភាពបែបនេះនៃអណ្ដាតអាចចង្អុលបង្ហាញពីបញ្ហានៃកង្វះវីតាមីនក្នុងរាងកាយ។ ប្រសិនបើអណ្ដាតមានសភាពភ្លឺៗ ឬពណ៌ក្រហមស្ត្របឺរី នោះមានន័យថា រាងកាយរបស់អ្នកកំពុងខ្វះជាតិដែក ឬវីតាមីន B12 ហើយ។ ក្រោយមកអណ្ដាតអាចប្រែជាកាន់តែរលោង ក៏ព្រោះពកល្អិតៗលើអណ្ដាតភាគច្រើនប្រែជារលោង ឬរាបស្មើតែម្ដង។ ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យមានការឈឺចាប់ខ្លាំង នៅពេលទទួលទានភេសជ្ជៈក្ដៅ និងអាហារហឹរ។ ហើយអ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
២. អណ្ដាតឡើងច្រាំងខ្មៅ ឬត្នោត
ច្រាំងពណ៌ខ្មៅ ឬត្នោតលើអណ្ដាតអាចមើលទៅគួរឱ្យខ្លាច ប៉ុន្តែភាគច្រើនវា គឺជារោគសញ្ញាមួយនៃអនាម័យមាត់ធ្មេញមិនល្អ, ការជក់បារី និងការទទួលទានកាហ្វេ ឬតែខ្មៅច្រើន។ ជាលទ្ធផល វាបង្កជាបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ និងពិបាកដឹងរសជាតិ។ អ្វីដំបូងបំផុតដែលអ្នកគួរធ្វើ គឺលះបង់ទម្លាប់អាក្រក់ដែលបណ្ដាលឱ្យឡើងច្រាំងបែបនេះ និងព្យាយាមដុស
សម្អាតអណ្ដាតជារៀងរាល់ថ្ងៃផង។
៣. អណ្ដាតឡើងច្រាំងពណ៌សច្រើន
វាអាចជារោគសញ្ញាមួយនៃការឆ្លងមេរោគផ្សិត។ មូលហេតុនៃការឆ្លងមេរោគផ្សិតនេះអាចខុសៗពីគ្នាមាន ការទទួលទានថ្នាំអង់ទីប៊ីយោទិក, ជំងឺទឹកនោមផ្អែម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬសម្ពាធឈាមឡើងខ្ពស់។ ដើម្បីជាការប្រសើរ អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
៤. អណ្ដាតជ្រួញ
អាចជាសញ្ញាធម្មតាមួយនៃភាពចាស់តាមវ័យ (ពិតណាស់ អណ្ដាតក៏មានអាយុដែរ)។ ជាធម្មតា ភាពជ្រួញ និងប្រេះ គឺមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែប្រសិនបើអ្នកមិនដុសសម្អាតធ្មេញបានត្រឹមត្រូវទេនោះ មេរោគឆ្លងណាមួយអាចនឹងលូតលាស់ឡើងជាមិនខាន។ មេរោគផ្សិតអាចលូតលាស់ក្នុងស្នាមប្រេះនៃអណ្ដាតតែម្ដង ហើយបង្កការឈឺចាប់ធ្ងន់ធ្ងរ និងរលាកក្រហាយ។ បញ្ហាអាចត្រូវបានដោះស្រាយតាមរយៈការទទួលទានថ្នាំ។
៥. ស្នាមអ៊ុចពណ៌សតូចៗលើអណ្ដាត
ស្នាមអ៊ុចបែបនេះអាចជាសញ្ញាមួយនៃបញ្ហារលាកស្បែក។ ឧទាហរណ៍ អណ្ដាតត្រដុស ឬប៉ះទៅនឹងធ្មេញណាមួយជាប់ជានិច្ចដែលបង្កទៅជាការរលាក។ ប៉ុន្តែភាគច្រើនស្នាមអ៊ុចពណ៌សតូចៗ គឺកើតឡើងដោយសារការកើនឡើងនូវការផលិតកោសិកានៃអ្នកជក់បារី។ ពី ៥ ទៅ ១៧ ភាគរយនៃកោសិកាទាំងនេះអាចវិវត្តទៅជាកោសិកាមហារីក។ ប្រសិនបើស្នាមអ៊ុចមិនបាត់ទៅវិញសោះក្នុងរយៈពេលច្រើនសប្តាហ៍ហើយនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យ។
៦. ស្នាមអ៊ុចពណ៌ក្រហម និងពងបែកលើអណ្ដាត
ស្នាមអ៊ុចពណ៌ក្រហម និងពងបែកដែលមិនបាត់ទៅវិញសោះអស់រយៈពេលជាយូរមកហើយនោះអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយ។ ភាគច្រើនរោគសញ្ញាទាំងនេះ គឺផ្សារភ្ជាប់នឹងជំងឺមហារីកអណ្ដាត។ អ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យភ្លាម។
៧. អណ្ដាតមានដុំពក និងខួច
ស្ថានភាពនេះ គឺជាលក្ខណៈពិសេសដ៏កម្រមួយដែលមិនបង្កគ្រោះថ្នាក់អ្វីទាំងអស់។ ប្រសិនបើអ្នកមិនមានការឈឺចាប់ទេនោះវាគ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយ ប៉ុន្តែគ្រប់គ្នាមិនមែនសុទ្ធតែដូចគ្នានោះទេ។
៨. ដំបៅឈឺចាប់
ប្រសិនបើអណ្ដាតមានដំបៅហើយឈឺចាប់ខ្លាំង នោះអាចជាសញ្ញាមួយនៃ Oral thrush ជំងឺទូទៅបំផុតមួយដែលច្រើនកើតមានចំពោះកុមារ ប៉ុន្តែ ២០ ភាគរយនៃមនុស្សពេញវ័យក៏កើតជំងឺនេះដែរ។ ដំបៅ គឺជាសញ្ញាមួយនៃភាពតានតឹងក្នុងអារម្មណ៍ និងប្រព័ន្ធភាពស៊ាំខ្សោយ។ ជាធម្មតា ដំបៅនេះនឹងបាត់ទៅវិញក្នុងកំឡុងពេល ២ សប្តាហ៍។ ប្រសិនបើមិនបាត់ទៅវិញក្នុងកំឡុងពេលនេះទេនោះ អ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យ៕