យោងតាមការចុះផ្សាយពីប្រភពបរទេស ម៉ៃក្រូវ៉េវជាឧបករណ៍ដែលយើងប្រើប្រាស់សឹងរាល់ថ្ងៃ ដូច្នេះវាតែងតែមានជាប់កម្ទេចអាហារ ស្នាមខ្លាញ់ និងក្លិនអាប់ដែលពិបាកជម្រះ។ ប៉ុន្តែអ្នកមិនចាំបាច់ប្រើសារធាតុគីមីខ្លាំងៗដែលប៉ះពាល់សុខភាពឡើយ ព្រោះ “ទឹកខ្មេះ” ឬ “ក្រូចឆ្មារ” គឺជាអាវុធសម្ងាត់ដែលអាចរំលាយរាល់កម្ទេចអាហារដែលកកកុញបានយ៉ាងល្អប្រសើរ។
ដើម្បីចាប់ផ្ដើម អ្នកគ្រាន់តែលាយទឹកស្អាតជាមួយទឹកខ្មេះ (ឬទឹកក្រូចឆ្មារ) ក្នុងបរិមាណស្មើគ្នាដាក់ក្នុងចានមួយ រួចដាក់ចូលក្នុងម៉ៃក្រូវ៉េវដោយប្រើកម្ដៅខ្លាំងរយៈពេល ៣ ទៅ ៥ នាទី។ កម្ដៅនឹងធ្វើឱ្យទឹកពុះបង្កើតជា “ចំហាយទឹក” ទៅទន់ក្អែលខ្លាញ់ និងកម្ទេចអាហារដែលរឹងជាប់ជញ្ជាំងម៉ៃក្រូវ៉េវឱ្យរលាយចេញមក។ បន្ទាប់ពីបិទម៉ាស៊ីន ទុកវាចោលមួយសន្ទុះសិនដើម្បីឱ្យចំហាយទឹកធ្វើការបានសព្វល្អ រួចសឹមយកចានចេញដោយប្រុងប្រយ័ត្ន ហើយប្រើកន្សែងស្អាតជូតសម្អាតផ្នែកខាងក្នុង នោះអ្នកនឹងឃើញថាស្នាមប្រឡាក់ទាំងឡាយរបូតចេញមកយ៉ាងងាយស្រួល។
ក្រៅពីការជូតផ្ទៃខាងក្នុង អ្នកក៏គួរដោះថាសវិលចេញមកលាងជាមួយទឹកសាប៊ូឱ្យបានស្អាត និងប្រើក្រណាត់សើមជូតផ្ទៃខាងក្រៅឱ្យមានពន្លឺរលោងផងដែរ។ ការអនុវត្តតិចនិកសាមញ្ញនេះឱ្យបានទៀងទាត់ មិនត្រឹមតែជួយឱ្យម៉ៃក្រូវ៉េវរបស់អ្នកមានអនាម័យខ្ពស់ និងគ្មានក្លិនរំខានដល់អាហារថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពន្យារអាយុកាលប្រើប្រាស់របស់វាឱ្យបានយូរអង្វែងទៀតផង៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕