យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាឆាប់ចេញទឹកកាម មិនមែនជារឿងរបស់ “ខាងប្រុស” ម្នាក់ឯងនោះទេ ប៉ុន្តែវាជារឿងរបស់ “យើងទាំងពីរ” ក្នុងនាមជាដៃគូជីវិត។
តាមទិន្នន័យវេជ្ជសាស្ត្រ បុរសប្រហែល ២០% ទៅ ៣០% នៅលើពិភពលោកសុទ្ធតែធ្លាប់ជួបបញ្ហានេះ ដែលជារឿយៗបង្កឡើងដោយភាពតានតឹង ឬកត្តាសុខភាព។ ប្រសិនបើអ្នកចង់រក្សាចំណងស្នេហ៍ឱ្យកាន់តែផ្អែមល្ហែម អ្នកអាចប្រើតិចនិកសាមញ្ញៗដើម្បីជួយជម្រុញឱ្យសកម្មភាពលើគ្រែមានក្ដីសុខទ្វេដង។
ការផ្ដល់កម្លាំងចិត្ត គឺជាឱសថដ៏វិសេសបំផុត ដោយជៀសវាងការរិះគន់ ឬបង្ហាញទឹកមុខខកបំណង ដែលនាំឱ្យខាងប្រុសកាន់តែមានសម្ពាធផ្លូវចិត្ត។ ការប្រើពាក្យសម្ដីផ្អែមល្ហែមដូចជា “មិនអីទេ ចាំលើកក្រោយយើងសាកថ្មី” នឹងជួយឱ្យគេមានអារម្មណ៍ធូរស្រាល និងអាចគ្រប់គ្រងខ្លួនឯងបានល្អជាងមុន។ បន្ថែមពីនេះ ការបង្កើនពេលវេលា “កម្ដៅសាច់ដុំ ឬបបោសអង្អេល” ឱ្យបានយូរជាងមុន (ប្រហែល ២០ ទៅ ៣០ នាទី) នឹងជួយកាត់បន្ថយការផ្ដោតអារម្មណ៍ខ្លាំងពេកលើការរួមភេទភ្លាមៗ ដែលធ្វើឱ្យភាគីទាំងពីរមានក្ដីសុខស្មើគ្នា និងកាត់បន្ថយសម្ពាធលើខាងប្រុសបានយ៉ាងច្រើន។
ក្រៅពីកត្តាផ្លូវចិត្ត អ្នកទាំងពីរអាចសាកល្បងតិចនិក “Start-Stop” (ការឈប់សម្រាក ២០-៣០ វិនាទី នៅពេលជិតដល់ចំណុចកំពូល រួចសឹមបន្តទៀត) ឬការហាត់សាច់ដុំអាងត្រគាក “Kegel Exercise” (ការហាត់ខំទប់នោម) ជាមួយគ្នាជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងកម្លាំងសាច់ដុំបញ្ជាការចេញទឹកកាម។ ប្រសិនបើវិធីសាស្ត្រធម្មជាតិទាំងនេះនៅតែមិនទាន់ទទួលបានលទ្ធផលគាប់ចិត្ត ការដឹកដៃគ្នាទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញគឺជាជម្រើសដ៏វៃឆ្លាតបំផុត ព្រោះគ្រូពេទ្យអាចមានវិធីសាស្ត្រព្យាបាល ឬការប្រើប្រាស់ឱសថជំនួយដែលមានសុវត្ថិភាព។
ការរួមសុខរួមទុក្ខ និងការយល់ចិត្តគ្នាលើរឿងសម្ងាត់នេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាសុខភាពផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យស្នេហារបស់អ្នកកាន់តែរឹងមាំ និងស៊ីជម្រៅជាងមុនទៀតផង៕