យោងតាមការចុះផ្សាយពីប្រភពបរទេស ការប្រើប្រាស់ស្លាបព្រា ចង្កឹះ ឬទុយោបឺតទឹករួមគ្នា គឺជាទម្លាប់ទូទៅដែលយើងតែងធ្វើជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ប៉ុន្តែវាក៏ជាផ្លូវកាត់ដ៏គ្រោះថ្នាក់បំផុតក្នុងការចម្លងមេរោគពីម្នាក់ទៅម្នាក់ទៀតតាមរយៈទឹកមាត់។ មិនមែនមានតែជំងឺផ្តាសាយ ឬកូវីដ-១៩ នោះទេ មេរោគគ្រោះថ្នាក់ជាច្រើនទៀតអាចរស់នៅក្នុងទឹកមាត់ និងឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកបានយ៉ាងងាយស្រួលបំផុត។
ជំងឺកាចសាហាវដែលឆ្លងតាមទឹកមាត់រួមមាន ជំងឺរលាកថ្លើមប្រភេទ A និង E, ជំងឺរើម, ជំងឺស្រឡទែន, ជំងឺពងបែកមាត់ (ដៃ ជើង មាត់), ជំងឺរបេង និងជំងឺរលាកស្រោមខួរក្បាល។ ក្រៅពីការប្រើប្រាស់សម្ភារៈញ៉ាំអុហាររួមគ្នា ការញ៉ាំអាហារក្នុងចាន ឬឆ្នាំងតែមួយ និងការថើបគ្នា ក៏ជាភ្នាក់ងារចម្លងមេរោគដ៏ចម្បងផងដែរ។ ជាពិសេស ប្រសិនបើអ្នកដែលមានមេរោគក្អក ឬកណ្ដាស់ដាក់ដៃ រួចយកដៃនោះមកកាន់ស្លាបព្រាបង្កួយ ឬសម្ភារៈរួម វានឹងធ្វើឱ្យមេរោគរីករាលដាលកាន់តែលឿន។
ដើម្បីការពារសុខភាពខ្លួនឯង និងមនុស្សជាទីស្រឡាញ់ វិធីដែលល្អបំផុតគឺ “ការប្រើស្លាបព្រាកណ្ដាល” ជានិច្ចនៅពេលញ៉ាំអាហារជុំគ្នា ឬការញ៉ាំអាហារចែកចានគ្នាឱ្យដាច់ដោយឡែក (ចានអ្នកណា ចានអ្នកនោះ)។ ការជៀសវាងប្រើប្រាស់កែវទឹក ឬទុយោបឺតរួមគ្នា គឺជាជំហានសាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់ផ្ដាច់ខ្សែច្រវាក់ចម្លងមេរោគ។
ការរក្សាអនាម័យក្នុងការហូបចុក មិនត្រឹមតែការពារអ្នកពីជំងឺឆ្លងភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ការបញ្ហាសុខភាពរ៉ាំរ៉ៃក្នុងរយៈពេលវែងទៀតផង៕