យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែម្នាស់គឺជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ និងសម្បូរវីតាមីន ប៉ុន្តែវាមិនមែនជាមិត្តល្អសម្រាប់មនុស្សគ្រប់គ្នានោះទេ។ សារធាតុអង់ស៊ីម Bromelain និងកម្រិតអាស៊ីតខ្ពស់នៅក្នុងផ្លែឈើនេះ អាចបង្កជាផលរំខានធ្ងន់ធ្ងរដល់បុគ្គលមួយចំនួន។
សម្រាប់អ្នកដែលមានប្រវត្តិអាឡែស៊ី ជាតិ Bromelain អាចធ្វើឱ្យក្អួតចង្អោរ រមាស់បបូរមាត់ ឬក្នុងករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យថប់ដង្ហើមក្រោយញ៉ាំបាន ១៥ នាទី។ ចំណែកអ្នកជំងឺទឹកនោមផ្អែម និងលើសឈាម ក៏គួរកំណត់ការញ៉ាំម្នាស់ដែរ ព្រោះវាមានជាតិស្ករខ្ពស់ដែលធ្វើឱ្យឡើងទម្ងន់ និងអាចបង្កឱ្យមានអាការៈឈឺក្បាល វិលមុខ ឬឡើងសម្ពាធឈាមភ្លាមៗ។
ចំពោះអ្នកដែលមានបញ្ហាសុខភាពមាត់ធ្មេញ ដូចជាឈឺអញ្ចាញ ឬដំបៅមាត់ ការញ៉ាំម្នាស់នឹងធ្វើឱ្យស្ថានភាពកាន់តែដុនដាប ដោយសារជាតិ Glucosides បង្កការរមាស់ និងស្ពឹកអណ្ដាតយ៉ាងខ្លាំង។ រីឯអ្នកមានជំងឺក្រពះពោះវៀន ក៏មិនគួរញ៉ាំម្នាស់ច្រើនដែរ ព្រោះជាតិអាស៊ីតសរីរាង្គនឹងទៅបំផ្លាញភ្នាសក្រពះ បង្កជាការឈឺចាប់ និងចង្អោរ។ បន្ថែមពីនេះ បុគ្គលដែលមានរាងកាយងាយក្ដៅក្នុង ក៏អាចជួបប្រទះអាការៈរមាស់ និងឡើងកន្ទួលក្រហមលើស្បែកក្រោយពេលញ៉ាំរួចផងដែរ។
ដើម្បីសុវត្ថិភាព អ្នកជំនាញណែនាំឱ្យចិតភ្នែកម្នាស់ចេញឱ្យអស់មុននឹងញ៉ាំ ដើម្បីបង្ការបញ្ហាហើមពោះ និងទល់លាមក។ ការញ៉ាំម្នាស់ច្រើនហួសប្រមាណ ក៏អាចបណ្ដាលឱ្យរាករូស និងខូចកាចាធ្មេញដោយសារជាតិវីតាមីន C និងអាស៊ីតខ្ពស់ពេក។ ប្រសិនបើអ្នកស្ថិតក្នុងក្រុមហានិភ័យខាងលើ គួរពិគ្រោះជាមួយគ្រូពេទ្យ ឬសាកល្បងញ៉ាំក្នុងបរិមាណតិចតួចបំផុត ដើម្បីពិនិត្យមើលប្រតិកម្មរាងកាយជាមុន៕