យោងតាមការចុះផ្សាយពីប្រភពបរទេស ការផ្លាស់ប្តូរលំដាប់នៃការញ៉ាំអាហារ ដោយចាប់ផ្ដើមពីបន្លែមុនបាយ និងសាច់ គឺជាវិធីសាស្ត្រថែរក្សាសុខភាពដ៏សាមញ្ញតែមានប្រសិទ្ធភាពខ្ពស់ ដែលអ្នកជំនាញហៅថា “ការញ៉ាំបែបបញ្ច្រាស”។
ការញ៉ាំបន្លែដែលសម្បូរជាតិសរសៃនៅដើមទី នឹងជួយដាស់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និងកាត់បន្ថយការបញ្ចេញទឹកអាស៊ីតក្រពះខ្លាំងពេក ដែលខុសពីការញ៉ាំបាយ ឬសាច់មុន ដែលអាចធ្វើឱ្យក្រពះធ្វើការធ្ងន់ និងបង្កការឈឺចាប់។ ជាតិសរសៃក្នុងបន្លែជួយឱ្យអ្នកឆាប់ឆ្អែត កាត់បន្ថយការញ៉ាំលើសកម្រិត និងជួយទប់ស្កាត់ការបឺតស្រូបជាតិខ្លាញ់ និងជាតិស្ករចូលក្នុងឈាមលឿនពេក។
ចំពោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ តិចនិកនេះគឺជា “អាវុធសម្ងាត់” ព្រោះជាតិសរសៃជួយពន្យារពេលនៃការរំលាយអាហារនៅក្នុងក្រពះ ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងសន្សឹមៗ មិនហក់ឡើងខ្ពស់ភ្លាមៗក្រោយពេលញ៉ាំបាយឡើយ។ ការអនុវត្តបែបនេះជាប្រចាំ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដែលផ្ដល់ផលល្អដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារសុខភាពសរសៃឈាម និងបេះដូងក្នុងរយៈពេលវែងទៀតផង។
ដើម្បីអនុវត្តវិធីសាស្ត្រនេះឱ្យទទួលបានផលល្អបំផុត អ្នកគួរចាប់ផ្ដើមដោយការផឹកទឹកមួយកែវតូចមុនពេលញ៉ាំ បន្ទាប់មកញ៉ាំបន្លែ ឬស៊ុបឱ្យបានប្រហែល ២ ភាគ ៣ នៃក្រពះ រួចបន្តញ៉ាំសាច់ (ប្រូតេអ៊ីន) និងចុងក្រោយបង្អស់ទើបញ៉ាំបាយ (កាបូអ៊ីដ្រាត)។ ការរៀបចំលំដាប់លំដោយបែបនេះ នឹងជួយឱ្យអ្នកគ្រប់គ្រងកាឡូរីបានយ៉ាងល្អ និងមានសុខភាពមាំមួនជានិច្ច៕