យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសអាហារពេលព្រឹកដែលត្រឹមត្រូវ គឺជាជំហានដំបូងដ៏សំខាន់បំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងរក្សារាងឱ្យបានស្អាត។ អាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងជាតិសរសៃ មិនត្រឹមតែផ្ដល់ថាមពលពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការឃ្លានអាហារផ្ដេសផ្ដាសនៅពេលបន្ទាប់ទៀតផង។
អាហារដំបូងដែលអ្នកជំនាញណែនាំគឺ “ពងមាន់” ដែលជាប្រភពប្រូតេអ៊ីនដ៏វិសេស ជួយឱ្យអ្នកឆ្អែតបានយូរ និងកាត់បន្ថយការញ៉ាំលើសកម្រិត។ បន្ទាប់មកគឺ “ផ្លែចេក” និង “ធញ្ញជាតិអូត ” ដែលសម្បូរជាតិសរសៃ និងម្សៅធន់ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងចំណង់អាហារបានយ៉ាងល្អ។
ចំពោះអ្នកដែលចូលចិត្តភេសជ្ជៈ ការញ៉ាំ “យ៉ាអួ” ឬ “ទឹកក្រឡុក” ដែលលាយជាមួយបន្លែផ្លែឈើ នឹងផ្ដល់នូវប្រូតេអ៊ីន និងប្រូបាយអូទិក ជួយឱ្យពោះវៀនមានសុខភាពល្អ និងរក្សារាងឱ្យស្លីម។ បន្ថែមពីនេះ “កាហ្វេខ្មៅ” និង “តែបៃតង” ដែលគ្មានជាតិស្ករ គឺជាជំនួយការដ៏ពូកែក្នុងការជម្រុញប្រព័ន្ធមេតាបូលីសឱ្យដុតរំលាយជាតិខ្លាញ់បានរហ័ស។ សម្រាប់ការញ៉ាំលេង អ្នកអាចជ្រើសរើស “គ្រាប់ធញ្ញជាតិ” ក្នុងបរិមាណសមល្មម ដើម្បីទទួលបានជាតិខ្លាញ់ល្អ និងប្រូតេអ៊ីន ដែលជួយឱ្យរាងកាយមាំមួន និងមិនងាយឃ្លានចុកក្អប់។
ទោះជាយ៉ាងណា ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរកំណត់បរិមាណនៃការញ៉ាំឱ្យបានត្រឹមត្រូវ និងចៀសវាងការបន្ថែមជាតិផ្អែម ឬគ្រឿងផ្សំដែលមានកាឡូរីខ្ពស់។ ការបញ្ចូលអាហារទាំង ៨ យ៉ាងនេះទៅក្នុងរបបអាហារពេលព្រឹក រួមជាមួយការហាត់ប្រាណទៀងទាត់ នឹងជួយឱ្យអ្នកសម្រេចគោលដៅសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានសុខភាពល្អប្រកបដោយចីរភាព៕