យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនយល់ច្រឡំថា ក្រោយពេលបាយរួចត្រូវតែអង្គុយស្ងៀមមិនឱ្យកម្រើកខ្លួនទើបល្អដល់ក្រពះ ប៉ុន្តែការពិតទៅការធ្វើសកម្មភាពស្រាលៗមានផលល្អច្រើនជាង។
អ្វីដែលអ្នកគួរជៀសវាងដាច់ខាតគឺសកម្មភាពធ្ងន់ៗដូចជា រត់ លោត ហាត់ប្រាណ ឬលើករបស់ធ្ងន់ភ្លាមៗ ព្រោះវាបង្កសម្ពាធដល់ក្រពះ និងនាំឱ្យកើតជំងឺច្រាលទឹកអាស៊ីត។ លំដាប់លំដោយដែលត្រឹមត្រូវបំផុត គឺអ្នកគួរអង្គុយសម្រាកក្នុងឥរិយាបថខ្នងត្រង់ប្រហែល ១៥ ទៅ ២០ នាទី ដើម្បីកុំឱ្យមានការសង្កត់លើពោះ ដែលធ្វើឱ្យក្រពះពិបាកកិនរំលាយអាហារ រួចទើបអាចដើរតិចៗដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារឱ្យកាន់តែមានប្រសិទ្ធភាព។
ការទម្លាប់គេងភ្លាម ឬងូតទឹកភ្លាមក្រោយពេលបាយរួច គឺជាសត្រូវដ៏ធំនៃប្រព័ន្ធរំលាយអាហារ ព្រោះវាធ្វើឱ្យដំណើរការរំលាយអាហារយឺតយ៉ាវ និងចុះខ្សោយ។ បន្ថែមពីនេះ ការផឹកតែ ឬកាហ្វេភ្លាមៗក៏មិនត្រូវបានណែនាំដែរ ដោយសារសារធាតុនៅក្នុងភេសជ្ជៈទាំងនេះរារាំងការបឺតស្រូបជីវជាតិពីអាហារដែលអ្នកទើបតែញ៉ាំចូល ដូច្នេះការផឹកទឹកធម្មតាគឺជាជម្រើសដ៏ល្អបំផុត។
ការអនុវត្តទម្លាប់ត្រឹមត្រូវក្រោយពេលបាយ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារសុខភាពក្រពះពោះវៀនរបស់អ្នកក្នុងរយៈពេលវែងទៀតផង៕