ការចង់បានស្បែកមុខសរលោង ថ្លា និងមានសំណើមដូចតារាកូរ៉េ (Glass Skin) មិនមែនជារឿងពិបាកហួសពីសមត្ថភាពនោះទេ ។ អាថ៌កំបាំងធំបំផុតរបស់ពួកគេ មិនមែនស្ថិតលើតែការប្រើប្រាស់ផលិតផលថ្លៃៗឡើយ ប៉ុន្តែគឺស្ថិតលើ «វិន័យ និងទម្លាប់ប្រចាំថ្ងៃ»។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដែលអ្នកអាចចាប់ផ្តើមអនុវត្តបានចាប់ពីថ្ងៃនេះតទៅ ៖
១. ការសម្អាតមុខបែបឌុប
នេះជាគ្រឹះដ៏សំខាន់បំផុតរបស់នារីកូរ៉េ ។ ទោះបីជាអ្នកមិនបានតុបតែងមុខក៏ដោយ ក៏ត្រូវធ្វើការសម្អាតពីរតង់ ៖
-តង់ទី១៖ ប្រើប្រាស់ប្រភេទ Cleansing Oil ឬ Balm ដើម្បីរំលាយជាតិខ្លាញ់ ធូលីដី និងឡេការពារកម្ដៅថ្ងៃ។
-តង់ទី២៖ ប្រើប្រាស់ហ្វូមលាងមុខប្រភេទស្រទន់ (Gentle Cleanser) ដើម្បីជម្រះជាតិកខ្វក់ដែលនៅសេសសល់។
២. ផ្តល់សំណើមឱ្យបានគ្រប់គ្រាន់
ស្បែកដែលមើលទៅថ្លា គឺជាស្បែកដែលផ្ទុកទៅដោយជាតិទឹក។
-ប្រើ Toner ឬ Essence: បន្ទាប់ពីលាងមុខរួច ត្រូវលាប Toner ភ្លាមៗដើម្បីរក្សាសំណើម ។
-ម៉ាស់បិទមុខ (Sheet Mask): តារាកូរ៉េនិយមបិទម៉ាស់យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីជួយឱ្យស្បែកឆាប់ភ្លឺថ្លា និងទន់រលោង។
៣. កុំរំលងឡេការពារកម្ដៅថ្ងៃ
នេះគឺជាអាវុធសម្ងាត់ប្រឆាំងនឹងភាពចាស់។ ទោះបីជានៅក្នុងផ្ទះ ឬមេឃស្រទុំ ក៏ត្រូវតែលាបឡេការពារកម្ដៅថ្ងៃដែរ ដើម្បីការពារស្បែកពីកាំរស្មី UV ដែលធ្វើឱ្យស្បែកស្រអាប់ មានស្នាមអុជខ្មៅ និងជ្រួញមុនអាយុ។
៤. របបអាហារ និងការសម្រាក
សម្រស់ពីខាងក្នុងមកខាងក្រៅគឺពិតជាមានសារៈសំខាន់៖
-ញ៉ាំទឹកឱ្យបានច្រើន៖ យ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ ដើម្បីបន្សុទ្ធជាតិពុលពីក្នុងខ្លួន។
-គេងឱ្យបានគ្រប់គ្រាន់៖ ការគេងពី ៧ ទៅ ៨ ម៉ោង ជួយឱ្យកោសិកាស្បែកជួសជុលខ្លួនឯងបានល្អបំផុត។
-កាត់បន្ថយស្ករ៖ ការញ៉ាំផ្អែមច្រើនពេក ធ្វើឱ្យស្បែកងាយនឹងរលាក និងកើតមុន។
៥. កុំប៉ះពាល់ផ្ទៃមុខដោយដៃទទេ
ដៃរបស់យើងសម្បូរទៅដោយបាក់តេរី។ ការញេចមុន ឬស្ទាបមុខញឹកញាប់ នឹងធ្វើឱ្យមេរោគឆ្លងចូលស្បែក បង្កជាបញ្ហាមុន និងបន្សល់ទុកនូវស្នាមពិបាកព្យាបាល។
ការថែរក្សាស្បែកមិនមែនធ្វើតែមួយថ្ងៃហើយបានផលភ្លាមៗនោះទេ។ វាទាមទារភាពអត់ធ្មត់ និងការធ្វើវាឱ្យទៅជាទម្លាប់ (Consistency)។