យោងតាមការចុះផ្សាយពីប្រភពបរទេស អាថ៌កំបាំងនៃសម្រស់ក្មេងជាងវ័យមិនមែនស្ថិតនៅឆ្ងាយពីយើងឡើយ ប៉ុន្តែវាលាក់ខ្លួនយ៉ាងជិតនៅក្នុងផ្ទះបាយតាមរយៈរបបអាហារដែលយើងទទួលទានរាល់ថ្ងៃ។
ការជ្រើសរើសអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងខូឡាជែនធម្មជាតិ គឺជាគន្លឹះមាសក្នុងការបំបាត់ស្នាមជ្រីវជ្រួញ និងស្នាមកន្ទុយថ្លែនយ៉ាងមានប្រសិទ្ធភាពបំផុត។ កំពូលអាហារទាំង ១០ យ៉ាងដែលស្ត្រីគ្រប់រូបមិនគួររំលង រួមមាន ផ្លែបឺរ និងត្រីសមុទ្រដែលផ្ដល់ជាតិខ្លាញ់ល្អជួយឱ្យស្បែកមានសំណើម រួមជាមួយបន្លែបៃតង និងផ្លែឈើអំបូរក្រូចដែលសម្បូរវីតាមីន C ជំរុញការផលិតខូឡាជែនឱ្យស្បែកតឹងណែន។
ក្រៅពីនេះ ការញ៉ាំគ្រាប់ធញ្ញជាតិ ទឹកដោះគោជូរ និងប៉េងប៉ោះជាប្រចាំ នឹងជួយការពារកោសិកាស្បែកពីការបំផ្លាញដោយកាំរស្មី UV និងជួយឱ្យផ្ទៃមុខស្រស់ថ្លាមានពណ៌ស៊ីជម្ពូតាមបែបធម្មជាតិ។ អ្វីដែលកាន់តែពិសេសនោះ គឺមើមការ៉ុត និងផ្លែល្ហុងទុំ ដែលជួយជួសជុលកោសិកាស្បែកចាស់ៗ និងកាត់បន្ថយស្នាមអុជខ្មៅបានយ៉ាងអស្ចារ្យ។ ការបញ្ចូលអាហារក្បែរខ្លួនទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយឱ្យស្បែកទន់រលោងដូចយុវវ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយទាំងមូលមានសុខភាពល្អ និងមានថាមពលស្រស់ស្រាយចេញពីខាងក្នុងមកទៀតផង៕