យោងតាមការចុះផ្សាយពីប្រភពបរទេស ការញ៉ាំបង្អែម ភេសជ្ជៈផ្អែមៗ ឬអាហារដែលមានជាតិស្ករខ្ពស់ មិនត្រឹមតែជាដើមហេតុនៃជំងឺលើសទម្ងន់ និងទឹកនោមផ្អែមប្រភេទទី២ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសត្រូវលាក់មុខដែលកំពុងកាត់បន្ថយអាយុកាលតម្រងនោមរបស់អ្នកផងដែរ។
នៅពេលរាងកាយទទួលបានជាតិស្ករច្រើនជ្រុល វានឹងធ្វើឱ្យសរសៃឈាមដែលចិញ្ចឹមតម្រងនោមរងការខូចខាត និងបង្កើនការស្រូបយកជាតិអំបិលក្នុងពោះវៀនតូច ដែលបង្ខំឱ្យតម្រងនោមត្រូវធ្វើការធ្ងន់លើសកម្រិតដើម្បីបញ្ចេញជាតិអំបិលទាំងនោះមកវិញ។
លើសពីនេះ ជាតិស្ករក៏រារាំងការផលិតសារធាតុដែលជួយឱ្យសរសៃឈាមរីកធំ បណ្តាលឱ្យសរសៃឈាមរួមតូច ឡើងសម្ពាធឈាម និងជំរុញឱ្យជំងឺតម្រងនោមវិវត្តទៅរកដំណាក់កាលធ្ងន់ធ្ងរលឿនជាងធម្មតា។ ជាពិសេស ជាតិស្ករប្រភេទ Fructose អាចបង្កើនកម្រិតកាល់ស្យូមក្នុងទឹកនោម ដែលជាហេតុធ្វើឱ្យកើតមានគ្រួសក្នុងតម្រងនោម។ ប្រសិនបើមិនបានព្យាបាលទាន់ពេល គ្រួសទាំងនេះនឹងទៅស្ទះផ្លូវទឹកនោម និងធ្វើឱ្យបាត់បង់មុខងារតម្រងនោមទាំងស្រុងតែម្ដង។
ដើម្បីការពារសុខភាពតម្រងនោម អ្នកគួរកាត់បន្ថយការទទួលទានភេសជ្ជៈកំប៉ុង តែគុជ នំផ្អែមៗ និងផ្លែឈើកំប៉ុង។ ផ្ទុយមកវិញ អ្នកគួរជ្រើសរើសផ្លែឈើដែលមានជាតិស្ករទាបដូចជា ក្រូចឆ្មារ ផ្លែប៉ោម ល្ហុង ឬក្រូចថ្លុង និងត្រូវរក្សាទម្លាប់រស់នៅល្អៗដូចជា ការហាត់ប្រាណឱ្យបានទៀងទាត់ ឈប់ជក់បារី កាត់បន្ថយគ្រឿងស្រវឹង និងពិនិត្យសម្ពាធឈាមឱ្យបានជាប់លាប់។ ការកាត់បន្ថយផ្អែមនៅថ្ងៃនេះ គឺជាការសន្សំអាយុកាលតម្រងនោមរបស់អ្នកឱ្យនៅរឹងមាំបានយូរអង្វែង៕