យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាផ្កាឈូកបាញ់ទឹកមិនចេញគ្រប់រន្ធ ឬបាញ់ចេញមកខ្សោយខុសពីធម្មតា ភាគច្រើនមិនមែនមកពីម៉ូទ័រជំរុញទឹកខូចនោះទេ ប៉ុន្តែវាបណ្ដាលមកពីការកកកុញនៃ “កំណកកំបោរ” ដែលមកជាមួយទឹកម៉ាស៊ីន ហើយយូរៗទៅវាកកកាន់តែរឹងធ្វើឱ្យស្ទះរន្ធបញ្ចេញទឹក។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកមិនចាំបាច់ចំណាយលុយទិញទឹកថ្នាំគីមីថ្លៃៗឡើយ គឺគ្រាន់តែប្រើ “ទឹកខ្មេះ” ដែលមានស្រាប់ក្នុងផ្ទះបាយមកធ្វើជាជំនួយការយ៉ាងមានប្រសិទ្ធភាពក្នុងការរំលាយជាតិកំបោរឱ្យទន់ និងរបូតចេញមកវិញយ៉ាងងាយស្រួល។
វិធីសាស្ត្រអនុវត្តគឺងាយបំផុត ដោយអ្នកគ្រាន់តែចាក់ទឹកខ្មេះចូលក្នុងថង់ប្លាស្ទិក រួចយកទៅរុំគ្របក្បាលផ្កាឈូកឱ្យលិចរន្ធបាញ់ទឹកទាំងអស់ ហើយចងកៅស៊ូឱ្យជាប់ទុកចោលប្រហែល ៣០ នាទី ទៅ ១ ម៉ោង ឬទុកមួយយប់ប្រសិនបើកំបោរកកក្រាស់ខ្លាំង។ បន្ទាប់ពីត្រាំរួច អ្នកគ្រាន់តែយកច្រាសដុសធ្មេញចាស់មកដុសខាត់តិចៗត្រង់រន្ធបាញ់ទឹក ដើម្បីជម្រះកាកសំណល់កំបោរដែលនៅសេសសល់ រួចបើកទឹកចោល ១ ទៅ ២ នាទី ដើម្បីលាងសម្អាតកម្ទេចកំបោរ និងជម្រះក្លិនទឹកខ្មេះឱ្យអស់ជាការស្រេច។
ទោះជាយ៉ាងណា ចំពោះផ្កាឈូកដែលធ្វើពីលោហៈធាតុដូចជាស្ពាន់ខាត់រលោង ឬនីកែល អ្នកមិនគួរត្រាំទឹកខ្មេះលើសពី ៣០ នាទីឡើយ ព្រោះជាតិអាស៊ីតអាចប៉ះពាល់ដល់ផ្ទៃខាងក្រៅនៃសម្ភារៈ។ ការចំណាយពេលសម្អាតផ្កាឈូកជារៀងរាល់ ៣ ទៅ ៦ ខែម្តង មិនត្រឹមតែជួយឱ្យទឹកបាញ់ចេញមកខ្លាំងពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការងូតទឹកឱ្យកាន់តែមានក្ដីសុខ និងជួយពន្យារអាយុកាលប្រើប្រាស់សម្ភារៈបន្ទប់ទឹករបស់អ្នកឱ្យនៅថ្មីបានយូរអង្វែងទៀតផង៕