សម្រស់ដែលស្ថិតស្ថេរមិនមែនកើតចេញពីការលាបតែខាងក្រៅឡើយ ប៉ុន្តែវា គឺជាការឆ្លុះបញ្ចាំងពីសុខភាពកោសិកាខាងក្នុង ។ នេះគឺជាអាថ៌កំបាំង ដែលជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា តឹងណែន និងក្មេងជាងវ័យ ដោយគ្រាន់តែផ្ដោតលើសសរស្តម្ភពីរយ៉ាងគឺ ៖ ការញ៉ាំ និងការគេង ។
១. របបអាហារ ៖ ញ៉ាំយ៉ាងណា ស្បែកយ៉ាងនោះ
ស្បែករបស់អ្នកត្រូវការវត្ថុធាតុដើម ដើម្បីផលិតកូឡាជែន និងជួសជុលកោសិកាដែលខូចខាត។ អាហារដែលអ្នកគួរផ្ដោតមានដូចជា ៖
-កំពូលអាហារប្រឆាំងអុកស៊ីតកម្ម៖ ផ្លែឈើអម្បូរ berries (ដូចជាស្ត្រប៊ឺរី ឬបឺរីខៀវ) និងបន្លែពណ៌បៃតងចាស់ ជួយការពារស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ និងការបំពុលបរិស្ថាន។
-ខ្លាញ់ល្អ (Healthy Fats)៖ ខ្លាញ់ត្រី សណ្តែកដី និងផ្លែបឺរ ផ្ដល់នូវអាស៊ីតខ្លាញ់ Omega-3 ដែលជួយឱ្យស្បែកមានសំណើម មិនស្ងួតក្រៀម និងកាត់បន្ថយការរលាក។
-វីតាមីន C គឺជាគន្លឹះ៖ ក្រូច និងម្ទេសប្លោក សម្បូរទៅដោយវីតាមីន C ដែលជាសមាសធាតុមិនអាចខ្វះបានក្នុងការផលិត «កូឡាជែន» ដើម្បីឱ្យស្បែកតឹងណែន មិនយារធ្លាក់។
-ទឹក គឺជាជីវិត៖ ការញ៉ាំទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ គឺជាវិធីសាស្ត្រថោកបំផុតដើម្បី លាងជម្រះជាតិពុល និងធ្វើឱ្យស្បែកមានពន្លឺចេញពីខាងក្នុង។
+ត្រូវចៀសវាង៖ ស្ករ និងអាហារកែច្នៃ ព្រោះវាបង្កឱ្យមានដំណើរការ Glycation ដែលបំផ្លាញកូឡាជែន និងធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញ។
២. ការគេង៖ ម៉ោងជួសជុលសម្រស់ (Beauty Sleep)
នៅពេលអ្នកគេង រាងកាយមិនមែនសម្រាកនោះទេ ប៉ុន្តែវាគឺជាពេលដែល «រោងចក្រជួសជុលសម្រស់» ចាប់ផ្ដើមដំណើរការយ៉ាងសកម្មបំផុត។
-ការផលិតអ័រម៉ូនលូតលាស់ (Growth Hormone)៖ នៅពេលអ្នកលង់លក់ស្កប់ស្កល់ រាងកាយបញ្ចេញអ័រម៉ូននេះដើម្បីជួសជុលកោសិកាស្បែកដែលងាប់ និងបង្កើតកោសិកាថ្មីជំនួសវិញ។
-កាត់បន្ថយអ័រម៉ូនស្ត្រេស (Cortisol)៖ ការគេងមិនគ្រាន់គ្រាន់ធ្វើឱ្យជាតិ Cortisol ឡើងខ្ពស់ ដែលជាមូលហេតុបង្កឱ្យមានមុន ការរលាកស្បែក និងរង្វង់ភ្នែកខ្មៅ។
-ពេលវេលាមាស៖ អ្នកគួរគេងឱ្យបានចន្លោះពី ៧ ទៅ ៩ ម៉ោង ហើយពេលវេលាល្អបំផុតគឺចូលគេងមុនម៉ោង ១១ យប់ ដើម្បីឱ្យរាងកាយបញ្ចេញសារធាតុរាវបណ្ដេញជាតិពុលចេញពីស្បែកបានពេញលេញ។
៣. តុល្យភាពរវាងការញ៉ាំ និងការគេង
សម្រស់មិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ។ វាគឺជាលទ្ធផលនៃ “វិន័យ”។
-បើញ៉ាំល្អតែគេងមិនគ្រប់៖ ស្បែកនឹងមើលទៅស្លេកស្លាំង គ្មានកម្លាំង។
-បើគេងគ្រប់តែញ៉ាំមិនល្អ៖ ស្បែកនឹងខ្វះសារធាតុចិញ្ចឹម មិនភ្លឺថ្លា។
អាថ៌កំបាំងនៃភាពក្មេងជាងវ័យមិនមែនជារឿងស្មុគស្មាញឡើយ ។ ចូរផ្ដល់ឱ្យរាងកាយនូវ អាហារល្អ ដើម្បីសាងសង់ និងផ្ដល់ការសម្រាក ដើម្បីជួសជុល។ សម្រស់ដែលពិតប្រាកដ នឹងរះចេញពីសុខភាពដ៏ល្អបវររបស់អ្នក។