កាហ្វេ មិនត្រឹមតែជាភេសជ្ជៈសម្រាប់ដាស់ស្មារតីឱ្យស្វាងប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅ និងជា«ថាមពល» មិនអាចខ្វះបានសម្រាប់មនុស្សសម័យថ្មី ។ ទោះជាយ៉ាងណា ការញ៉ាំកាហ្វេខុសពេលវេលា អាចប្រែក្លាយអត្ថប្រយោជន៍ឱ្យទៅជាផលរំខានវិញ ។
តើពេលណាជាពេលវេលាមាសសម្រាប់ការញ៉ាំកាហ្វេ? នេះគឺជាការបកស្រាយបែបវិទ្យាសាស្ត្រ ដើម្បីឱ្យអ្នកទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតពីជាតិកាហ្វេអ៊ីន ៖
ឥទ្ធិពលនៃការញ៉ាំកាហ្វេ៖ តើពេលណាជាពេលវេលាល្អបំផុត?
១. កុំញ៉ាំភ្លាមៗក្រោយពេលភ្ញាក់ពីគេង
មនុស្សភាគច្រើនយល់ថា ការញ៉ាំកាហ្វេមួយកែវភ្លាម ក្រោយបើកភ្នែក គឺជាការដាស់ស្មារតីដ៏ល្អ។ ប៉ុន្តែតាមពិតទៅ ក្រោយពេលភ្ញាក់ពីគេង រាងកាយរបស់យើងបញ្ចេញជាតិ Cortisol (អ័រម៉ូនស្ត្រេសដែលជួយឱ្យយើងស្វាហាប់) ក្នុងកម្រិតខ្ពស់បំផុតដោយធម្មជាតិ។
-ផលប៉ះពាល់៖ ការញ៉ាំកាហ្វេនៅពេលនេះ ធ្វើឱ្យជាតិកាហ្វេអ៊ីនទៅរំខានដល់ដំណើរការធម្មជាតិរបស់អ័រម៉ូន Cortisol និងធ្វើឱ្យរាងកាយឆាប់ស៊ាំនឹងកាហ្វេ (ធ្វើឱ្យអ្នកត្រូវបង្កើនបរិមាណកាហ្វេកាន់តែច្រើនទៅៗ)។
២. ពេលវេលាមាស ៖ ចន្លោះម៉ោង ៩:៣០ ដល់១១:៣០ ព្រឹក
នេះគឺជាពេលវេលាដែលកម្រិត Cortisol ក្នុងរាងកាយចាប់ផ្តើមស្រកចុះ។ ការញ៉ាំកាហ្វេនៅចន្លោះពេលនេះ នឹងជួយបំពេញបន្ថែមនូវថាមពលដែលកំពុងខ្វះខាត ធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ និងមានសមាធិខ្ពស់ក្នុងការបំពេញការងារបានពេញមួយព្រឹក។
៣. បង្កើនថាមពលពេលរសៀល៖ ចន្លោះម៉ោង ១:៣០ ដល់ ៣:០០ រសៀល
ក្រោយពេលញ៉ាំអាហារថ្ងៃត្រង់រួច រាងកាយតែងតែមានអារម្មណ៍ងងុយ និងស្ពឹកស្រពន់ (Food Coma)។ ការញ៉ាំកាហ្វេមួយកែវតូច នៅពេលនេះនឹងជួយដាស់ស្មារតីឱ្យងើបឡើងវិញ ដើម្បីបន្តការងារនៅពេលរសៀលឱ្យមានប្រសិទ្ធភាព។
៤. មុនពេលហាត់ប្រាណ៣០ នាទី
កាហ្វេអ៊ីនជួយបង្កើនសមត្ថភាពសាច់ដុំ និងជួយឱ្យការដុតរំលាយជាតិខ្លាញ់កាន់តែប្រសើរ ។ ប្រសិនបើអ្នកចង់ហាត់ប្រាណឱ្យបានយូរ និងខ្លាំងក្លា ចូរញ៉ាំកាហ្វេខ្មៅមួយកែវមុនពេលចាប់ផ្តើម ៣០នាទី។
ចំណុចគួរប្រុងប្រយ័ត្ន ៖ ពេលណាដែលគួរចៀសវាង?
-ក្រោយម៉ោង ៣ ឬ ៤ រសៀល៖ ជាតិកាហ្វេអ៊ីនត្រូវការពេលពី ៦ ទៅ ៨ ម៉ោង ដើម្បីរលាយអស់ពីរាងកាយ។ ការញ៉ាំកាហ្វេយឺតពេល នឹងធ្វើឱ្យអ្នកពិបាកដេកលក់ ឬដេកមិនស្កប់ ដែលប៉ះពាល់ដល់សុខភាពខួរក្បាលនៅថ្ងៃបន្ទាប់ ។
-កុំញ៉ាំពេលពោះទទេ៖ សម្រាប់អ្នកមានបញ្ហាក្រពះ ការញ៉ាំកាហ្វេពេលពោះទទេអាចបង្កើនជាតិអាស៊ីត និងធ្វើឱ្យឆ្អល់ពោះ ឬញ័រទ្រូង។