យោងតាមការចុះផ្សាយពីប្រភពបរទេស តែម៉ាត់ឆាត្រូវបានគេស្គាល់ថាជាកំពូលភេសជ្ជៈសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយជំរុញការដុតរំលាយអាហារ ប៉ុន្តែអ្នកជំនាញអាហារូបត្ថម្ភបានព្រមានថា ដោយសារវាមានកម្រិតជាតិកាហ្វេអ៊ីនខ្ពស់អាចស្មើឬលើសកាហ្វេ វាមិនមែនសាកសមសម្រាប់មនុស្សគ្រប់គ្នានោះទេ។
បុគ្គលដែលមានជំងឺបេះដូង និងលើសឈាមគួរប្រុងប្រយ័ត្នបំផុត ព្រោះជាតិកាហ្វេអ៊ីនក្នុងម៉ាត់ឆាអាចធ្វើឱ្យចង្វាក់បេះដូងលោតញាប់ ញ័រទ្រូង និងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ភ្លាមៗ ដែលបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូងស្រាប់។ ចំណែកឯអ្នកមានបញ្ហាក្រពះ និងប្រព័ន្ធរំលាយអាហារក៏ត្រូវដឹងដែរថា ម៉ាត់ឆាជំរុញការផលិតអាស៊ីតក្នុងក្រពះ ដែលអាចបង្កឱ្យមានអាការៈចង្អោរ ភើហល់ ឬឈឺក្រពះ ជាពិសេសអ្នកដែលមានជំងឺដំបៅក្រពះ ឬច្រាលអាស៊ីត ហេតុនេះអ្នកជំនាញផ្ដល់ដំបូន្មានថាដាច់ខាតហាមញ៉ាំម៉ាត់ឆានៅពេលពោះទទេ។
ចំពោះស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ការញ៉ាំជាតិកាហ្វេអ៊ីនលើសកម្រិតអាចបង្កហានិភ័យដល់ទារក ហើយសារធាតុនៅក្នុងម៉ាត់ឆាក៏អាចរារាំងការបឺតស្រូបអាស៊ីតហ្វូលិក និងជាតិដែក ដែលជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់អ្នកមានផ្ទៃពោះផងដែរ។ រីឯអ្នកដែលមានបញ្ហាដំណេក និងភ័យព្រួយ ជាតិកាហ្វេអ៊ីននឹងទៅជំរុញប្រព័ន្ធប្រសាទកណ្ដាល ដែលធ្វើឱ្យអាការៈគេងមិនលក់ ឬវិបត្តិកង្វល់កាន់តែធ្ងន់ធ្ងរជាងមុន។ បន្ថែមពីនេះ អ្នកកំពុងប្រើថ្នាំពង្រាវឈាមដូចជា Warfarin ត្រូវដឹងថា ម៉ាត់ឆាសម្បូរទៅដោយវីតាមីន K ដែលអាចទៅរារាំងប្រសិទ្ធភាពនៃថ្នាំ បង្កឱ្យមានហានិភ័យកកឈាមដែលអាចនាំឱ្យដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងដោយមិនដឹងខ្លួន។
សញ្ញាព្រមានចុងក្រោយគឺចំពោះកុមារតូចៗអាយុក្រោម ១២ ឆ្នាំ ដែលមិនគួរញ៉ាំម៉ាត់ឆាឡើយ ព្រោះប្រព័ន្ធប្រសាទរបស់ពួកគេនៅក្មេងខ្ចី និងងាយនឹងរងការរំញោចខ្លាំងពីជាតិកាហ្វេអ៊ីន ធ្វើឱ្យពួកគេមានអាការៈមួរម៉ៅ គេងមិនលក់ និងបាត់បង់ការផ្ដោតអារម្មណ៍ក្នុងការសិក្សា។ ទោះបីជាម៉ាត់ឆាជាភេសជ្ជៈល្អសម្រាប់សុខភាពយ៉ាងណាក៏ដោយ ការយល់ដឹងពីស្ថានភាពរាងកាយផ្ទាល់ខ្លួន និងការញ៉ាំក្នុងកម្រិតសមរម្យ គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពិតប្រាកដ និងជៀសផុតពីផលប៉ះពាល់អវិជ្ជមាននានាដល់សុខភាពយូរអង្វែង៕