យោងតាមការចុះផ្សាយពីប្រភពបរទេស សុភាពនារីជាច្រើនតែងបដិសេធការហាត់លើកទម្ងន់ ព្រោះខ្លាចមានសាច់ដុំធំដុំដូចអ្នកកីឡាកាយវប្បកម្ម។ ប៉ុន្តែតាមការពិត រាងកាយស្ត្រីមិនមានអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់គ្រប់គ្រាន់ដើម្បីបង្កើតសាច់ដុំធំៗបែបនោះដោយងាយឡើយ។ ផ្ទុយទៅវិញ ការហាត់បែបនេះគឺជា “ផ្លូវកាត់” ដ៏អស្ចារ្យដើម្បីទទួលបានរាងកាយរឹងមាំ ណែនហាប់ និងសុខភាពល្អយូរអង្វែង។
អត្ថប្រយោជន៍ដំបូងគេគឺការជួយឱ្យប្រព័ន្ធដុតរំលាយអាហារដំណើរការបានល្អបំផុត។ កាលណាអ្នកមានសាច់ដុំកាន់តែច្រើន រាងកាយនឹងដុតរំលាយកាឡូរីបានកាន់តែខ្លាំង ទោះបីជាពេលអ្នកកំពុងអង្គុយធ្វើការ ឬគេងលក់ក៏ដោយ។ វាក៏ជួយកែខៃចំណុចដែលស្ត្រីតែងបារម្ភ ដូចជាដើមដៃយារធ្លាក់ ឬក្បាលពោះយារ ឱ្យប្រែមកជាណែនហាប់ មានរាងអក្សរ S ស្រស់ស្អាត និងជួយឱ្យស្លៀកពាក់កាន់តែមានទំនុកចិត្ត។ ក្រៅពីសម្រស់ ការលើកទម្ងន់ជួយបង្កើនដង់ស៊ីតេឆ្អឹង កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង និងជួយឱ្យរាងកាយឆ្លើយតបនឹងអាំងស៊ុយលីនបានល្អ ដែលការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ទៀតផង។
លើសពីសុខភាពកាយ ការហាត់លើកទម្ងន់ក៏ជាឱសថសម្រាប់សុខភាពចិត្តផងដែរ។ នៅពេលហាត់ រាងកាយនឹងបញ្ចេញសារធាតុរីករាយ ដែលជួយកាត់បន្ថយស្ត្រេស និងធ្វើឱ្យគេងលក់ស្រួល។ វាក៏ជួយពង្រឹងសាច់ដុំស្នូលនៃដងខ្លួន ដែលជួយកែប្រែបុគ្គលិកលក្ខណៈឱ្យឈរត្រង់ស្មាខ្ពស់ មិនងាកកោង និងកាត់បន្ថយអាការៈការិយាល័យ។ ការចាប់ផ្ដើមហាត់លើកទម្ងន់តាំងពីថ្ងៃនេះ គឺជាកាដូដ៏វិសេសបំផុតដែលអ្នកអាចផ្ដល់ឱ្យរាងកាយខ្លួនឯង ដើម្បីភាពរឹងមាំ និងសម្រស់ដែលស្ថិតស្ថេរ៕