យោងតាមការផ្សាយពីប្រភពបរទេស ការញ៉ាំកាហ្វេនៅពេលព្រឹកគឺជាទម្លាប់ដែលមិនអាចខ្វះបានសម្រាប់មនុស្សជាច្រើន ប៉ុន្តែការជ្រើសរើសអាហារញ៉ាំទន្ទឹមគ្នាខុសរបៀប អាចធ្វើឱ្យរាងកាយខាតបង់ជាតិចិញ្ចឹម និងប៉ះពាល់ដល់សុខភាពបេះដូងដោយមិនដឹងខ្លួន។
សារធាតុម្យ៉ាងឈ្មោះថា តានីន និងជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ មានសមត្ថភាពរារាំងការបឺតស្រូបជាតិដែក និងជាតិកាល់ស្យូមពីអាហារចូលទៅក្នុងរាងកាយយ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើអ្នកញ៉ាំកាហ្វេជាមួយអាហារសម្បូរកាល់ស្យូមដូចជាទឹកដោះគោស្រស់ និងឈីស ឬអាហារសម្បូរជាតិដែកដូចជាថ្លើមសត្វ ឈាមជ្រូក និងបន្លែស្ពៃពួយឡេង វានឹងធ្វើឱ្យរាងកាយមិនទទួលបានសារធាតុទាំងនោះពេញលេញឡើយ។
ចំពោះសំណួរដែលមនុស្សជាច្រើនឆ្ងល់ថា តើពងស្ងោរ និងចេក អាចញ៉ាំជាមួយកាហ្វេបានដែរឬទេ? ចម្លើយគឺ “ចេក និងកាហ្វេ” គឺជាដៃគូដ៏អស្ចារ្យបំផុត ព្រោះចេកសម្បូរប៉ូតាស្យូមដែលជួយរក្សាតុល្យភាពជាតិរ៉ែ និងកាត់បន្ថយអាការៈញ័រទ្រូងពីជាតិកាហ្វេអ៊ីនបានយ៉ាងប្រសើរ។ ចំណែកឯ “ពងស្ងោរ និងកាហ្វេ” វិញ ទោះបីជាអាចញ៉ាំបាន ប៉ុន្តែអ្នកជំនាញមិនណែនាំឱ្យញ៉ាំទន្ទឹមគ្នាភ្លាមៗឡើយ ព្រោះជាតិដែកនៅក្នុងផ្នែកលឿងនៃស៊ុតនឹងត្រូវរារាំងដោយសារធាតុនៅក្នុងកាហ្វេ ដែលធ្វើឱ្យរាងកាយទទួលបានប្រយោជន៍មិនអស់ពីស៊ុត។
ក្រៅពីនេះ អ្នកក៏គួរប្រុងប្រយ័ត្នខ្ពស់ចំពោះការញ៉ាំកាហ្វេជាមួយគ្រឿងស្រវឹង ព្រោះវាបង្កើនហានិភ័យនៃបញ្ហាបេះដូងលោតខុសប្រក្រតីយ៉ាងធ្ងន់ធ្ងរ រួមទាំងអាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬរសជាតិហឹរខ្លាំង ដែលអាចបណ្ដាលឱ្យមានបញ្ហាក្រហាយទ្រូង និងច្រាលទឹកអាស៊ីត។ ដើម្បីឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ពីរបបអាហារបានពេញលេញ និងការពារសុខភាពសរសៃឈាមបេះដូង រយៈពេលដែលល្អបំផុតសម្រាប់ការញ៉ាំកាហ្វេគឺចន្លោះពី ៣០ ទៅ ៦០ នាទី បន្ទាប់ពីញ៉ាំអាហាររួច ដែលជាពេលវេលាអនុញ្ញាតឱ្យរាងកាយបឺតស្រូបជាតិចិញ្ចឹមបានត្រឹមត្រូវបំផុត៕