យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាលើសខ្លាញ់ក្នុងឈាមលែងជារឿងឆ្ងាយខ្លួនទៀតហើយ សូម្បីតែអ្នកដែលមានរាងកាយស្គមស្កាំងក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់នេះដែរ។ ជាតិខ្លាញ់អាក្រក់ និងទ្រីគ្លីសេរីត ប្រៀបដូចជាឃាតករលាក់មុខដែលទៅតោងជាប់ជញ្ជាំងសរសៃឈាម បង្កជាកំណកខ្លាញ់ធ្វើឱ្យសរសៃឈាមរួមតូច និងរារាំងលំហូរឈាម ដែលជាដើមហេតុនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ដើម្បីបង្ការ និងកម្ចាត់ជាតិខ្លាញ់អាក្រក់ អ្នកជំនាញណែនាំឱ្យងាកមកអនុវត្តរបបអាហារ “ការពារបេះដូង” ដោយផ្ដោតលើការញ៉ាំបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន។ ចូរជ្រើសរើសប្រភពប្រូតេអ៊ីនល្អដូចជា សាច់សត្វឥតខ្លាញ់ សាច់បសុបក្សីបកស្បែក និងជាពិសេសគឺត្រីដែលមានជាតិខ្លាញ់ល្អ (ដូចជាត្រីសាល់ម៉ុង ឬត្រីធូណា) យ៉ាងតិច ២ ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយទប់ស្កាត់សម្ពាធឈាម និងគាំទ្រសុខភាពបេះដូង។
ក្រៅពីការជ្រើសរើសអាហារល្អ អ្នកត្រូវដឹងពីបម្រាមសំខាន់ៗមួយចំនួនផងដែរ។ ចូរជៀសវាងអាហារដែលមានខ្លាញ់ឆ្អែតខ្ពស់ដូចជា គ្រឿងក្នុងសត្វ អាហារកែច្នៃ (សាច់ក្រក ហតដត) អាហារបំពង និងអាហារដែលមានជាតិស្ករខ្ពស់។ ការហាត់ប្រាណយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ (៥ ដងក្នុងមួយសប្តាហ៍) ក៏ជាគន្លឹះមាសក្នុងការបង្កើនខ្លាញ់ល្អដើម្បីទៅជួយបោសសម្អាតខ្លាញ់អាក្រក់ចេញពីសរសៃឈាមវិញ។
ការផ្លាស់ប្តូរទម្លាប់រស់នៅ ដោយផ្ដាច់បារី កាត់បន្ថយគ្រឿងស្រវឹង និងគ្រប់គ្រងទម្ងន់ឱ្យបានត្រឹមត្រូវ នឹងជួយឱ្យអ្នកជៀសផុតពីជំងឺលើសខ្លាញ់ក្នុងឈាម និងរស់នៅដោយបេះដូងស្រស់ស្រាយបំផុត៕