យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង ទុរេន ឬគ្រឿងផ្អាប់ដូចជាកាពិ និងប្រហុក សុទ្ធតែជាមុខម្ហូបដែលផ្ដល់រសជាតិឆ្ងាញ់ពិសា ប៉ុន្តែវាហាក់ដូចជាសុបិនអាក្រក់សម្រាប់ខ្យល់ដង្ហើម ដោយសារសារធាតុស៊ុលហ្វ័រ ដែលមានក្នុងអាហារទាំងនោះអាចជាប់ក្លិនក្នុងមាត់បានរហូតដល់ ៧២ ម៉ោង។
ដើម្បីដោះស្រាយបញ្ហានេះ យុទ្ធសាស្ត្រដំបូងសម្រាប់អ្នកដែលចូលចិត្តញ៉ាំខ្ទឹមស គឺការផឹក “ទឹកដោះគោ” ជាពិសេសប្រភេទដែលមានជាតិខ្លាញ់ខ្ពស់ ព្រោះវាអាចជួយរំលាយ និងកាត់បន្ថយការភាយឡើងនៃក្លិនខ្ទឹមបានយ៉ាងពូកែ។ ចំណែកឯទឹកផ្លែឈើដែលមានរសជាតិជូរដូចជា ទឹកក្រូចឆ្មារ ឬទឹកក្រូច ក៏អាចជួយទប់ស្កាត់អង់ស៊ីមបង្កក្លិនមិនឱ្យបញ្ចេញសកម្មភាពបានផងដែរ។
ចំពោះអ្នកដែលចូលចិត្តញ៉ាំខ្ទឹមបារាំង ឬផ្លែទុរេនដែលមានក្លិនឆួលខ្លាំង ការញ៉ាំ “ផ្លែប៉ោម” ឬ “បន្លែស្រស់” ដូចជាសាលាដ បន្ទាប់ពីញ៉ាំរួច គឺជាជម្រើសដ៏វិសេសវិសាល។ នៅក្នុងផ្លែប៉ោម និងបន្លែបៃតងមានផ្ទុកអង់ស៊ីមម្យ៉ាងដែលចូលទៅធ្វើប្រតិកម្មគីមីជាមួយសារធាតុស៊ុលហ្វ័រ ដើម្បីបន្សាបក្លិនឱ្យបាត់ទៅវិញដោយស្វ័យប្រវត្តិ។ ដោយឡែក សម្រាប់ក្លិនដែលភាយចេញពីគ្រឿងផ្អាប់ដូចជាកាពិ ឬប្រហុក វិធីសាស្ត្រដែលងាយស្រួលបំផុតគឺការប្រើប្រាស់ “សំបកក្រូច ឬសំបកក្រូចឆ្មារ”។ អ្នកគ្រាន់តែហាន់សំបកក្រូចជាបន្ទះស្ដើងៗ រួចទំពារក្នុងមាត់បន្តិច បន្ទាប់មកទើបខ្ពុរមាត់ចេញ នោះប្រេងក្រអូបពីសំបកផ្លែឈើនឹងជួយកម្ចាត់ក្លិនឆ្អាបបានភ្លាមៗ។
ក្រៅពីកម្ចាត់ក្លិនមាត់ ប្រសិនបើអ្នកមានក្លិនឆ្អាបជាប់ដៃក្រោយពេលចម្អិនអាហារ អ្នកក៏អាចយកសំបកក្រូចឆ្មារមកដុសខាត់នៅលើស្បែកដៃ រួចលាងជម្រះដោយទឹកស្អាតជាការស្រេច។
ការយល់ដឹងពីតិចនិកជួយសម្រួលក្លិនតាមបែបធម្មជាតិទាំងនេះ នឹងជួយឱ្យអ្នកអាចរីករាយជាមួយអាហារដែលអ្នកស្រឡាញ់គ្រប់មុខ ដោយមិនបាច់បារម្ភពីការបាត់បង់ទំនុកចិត្តនៅពេលសន្ទនាជាមួយមនុស្សជុំវិញខ្លួនឡើយ៕