យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកអំបិលវេជ្ជសាស្ត្រ ដែលយើងធ្លាប់តែប្រើសម្រាប់លាងរបួស តាមពិតគឺជា “វត្ថុទិព្វ” សម្រាប់អ្នកស្រឡាញ់ស្បែកមុខ ព្រោះវាមានតុល្យភាពខ្លាំងជាមួយនឹងទឹកក្នុងរាងកាយ មិនបង្កការរលាក និងមានសុវត្ថិភាពខ្ពស់បំផុត។
អត្ថប្រយោជន៍ដំបូងគេដែលអ្នកគួរដឹង គឺការប្រើទឹកអំបិលដើម្បីលាងសម្អាតមុខក្រោយពេលបុកមុន ឬពេលមុនផ្ទុះ ព្រោះវាជួយជម្រះកម្ទេចកម្ទី និងបាក់តេរីបានយ៉ាងស្អាតល្អ ជួយឱ្យមុខឆាប់ស្ងួត និងការពារការរលាកបន្ថែមដោយមិនមានជាតិក្រហាយដូចទឹកថ្នាំលាងរបួសដទៃទៀតឡើយ។ ចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម ឬមានអារម្មណ៍ថាប្រតិកម្មនឹងទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ អ្នកអាចប្រើទឹកអំបិលជូតមុខជាជំហានចុងក្រោយក្រោយពេលលាងមុខ ដើម្បីជម្រះជាតិក្លរ ឬធូលីដែលនៅសេសសល់ ជួយឱ្យរន្ធញើសស្អាត និងការពារការកើតមុនខ្សាច់បានយ៉ាងមានប្រសិទ្ធភាព។
លើសពីការសម្អាត ទឹកអំបិលក៏អាចយកមកធ្វើជា “ម៉ាស់ត្រជាក់” ដើម្បីលួងលោមស្បែកដែលត្រូវកម្ដៅថ្ងៃខ្លាំង ឬស្បែកដែលកំពុងឡើងក្រហម ដោយគ្រាន់តែយកទឹកអំបិលទៅក្លាសេឱ្យត្រជាក់ រួចជ្រលក់សំឡីបិទលើមុខចោលពី ១០ ទៅ ១៥ នាទី វានឹងជួយកាត់បន្ថយសីតុណ្ហភាពស្បែក និងកាត់បន្ថយការហើមបានភ្លាមៗ។ សម្រាប់អ្នកដែលចូលចិត្តធ្វើម៉ាស់បិទមុខបែបធម្មជាតិ (DIY) ការប្រើទឹកអំបិលមកលាយជាមួយម្សៅរមៀត ឬម្សៅធម្មជាតិផ្សេងៗជំនួសឱ្យទឹកធម្មតា គឺជាជម្រើសដ៏ឆ្លាតវៃបំផុត ព្រោះទឹកអំបិលមានភាពបរិសុទ្ធខ្ពស់ ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគពីទឹកមិនស្អាត។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការប្រើប្រាស់ទឹកអំបិលទទួលបានផលល្អបំផុត អ្នកត្រូវចងចាំ “ច្បាប់ ៣០ ថ្ងៃ” ពោលគឺទឹកអំបិលដែលបើកគម្របរួច មានអាយុកាលប្រើប្រាស់ត្រឹមតែ ៣០ ថ្ងៃប៉ុណ្ណោះ ដើម្បីជៀសវាងការកកើតមេរោគ។ ចំណុចសំខាន់បំផុតមួយទៀតគឺ បន្ទាប់ពីប្រើទឹកអំបិលជូតមុខរួច អ្នកដាច់ខាតត្រូវប្រើគ្រីមផ្ដល់សំណើមជាបន្ត ព្រោះទឹកអំបិលមិនមែនជាសារធាតុបំប៉នស្បែកទេ ហើយប្រសិនបើប្រើតែទឹកអំបិលសុទ្ធដោយមិនលាបគ្រីមការពារ វានឹងធ្វើឱ្យស្បែកមុខរបស់អ្នកឡើងស្ងួតក្នុងរយៈពេលវែង។
ការចេះប្រើប្រាស់របស់នៅជិតខ្លួនឱ្យត្រូវតាមបច្ចេកទេសបែបនេះ នឹងជួយឱ្យអ្នកមានស្បែកមុខស្អាត និងមានសុខភាពល្អ ដោយមិនចាំបាច់ចំណាយថវិកាច្រើន៕