ការថែរក្សាថ្លើមឱ្យមានសុខភាពល្អ មិនចាំបាច់ប្រើថ្នាំថ្លៃៗនោះទេ ប៉ុន្តែវាចាប់ផ្តើមពីការជ្រើសរើសអាហារដែលអ្នកទទួលទានជារៀងរាល់ថ្ងៃ ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភណែនាំ៖
១. ខ្ទឹមស
ខ្ទឹមសសម្បូរទៅដោយជាតិ Allicin និង Selenium ដែលជួយជំរុញអង់ស៊ីមក្នុងថ្លើមឱ្យធ្វើការកាន់តែប្រសើរក្នុងការបណ្ដេញជាតិពុលចេញពីរាងកាយ។ ត្រឹមតែមួយកំប៉ឹសក្នុងមួយថ្ងៃ ក៏អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ថ្លើមរបស់អ្នកដែរ។
២. បន្លែបៃតង
បន្លែបៃតងដូចជា ស្ពៃក្តោប ឬស្ពៃជើងទា មានផ្ទុកជាតិ Chlorophyll ខ្ពស់ ដែលអាចជួយបន្សាបជាតិពុលពីបរិស្ថាន និងការពារថ្លើមពីជាតិគីមីផ្សេងៗ។
៣. ក្រូចឆ្មារ និងផ្លែក្រូច
ផ្លែឈើអំបូរក្រូចសម្បូរទៅដោយវីតាមីនC ដែលជួយឱ្យថ្លើមផលិតអង់ស៊ីមបន្សាបជាតិពុលបានកាន់តែលឿន។ ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុតក្នុងការដាស់ថ្លើមឱ្យចាប់ផ្តើមធ្វើការ។
៤. តែបៃតង
តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងហៅថា Catechins ដែលជួយកាត់បន្ថយជាតិខ្លាញ់រុំកកក្នុងថ្លើម និងពង្រឹងមុខងារថ្លើមទាំងមូល។
៥. ផ្លែបឺរ
ផ្លែបឺរជួយឱ្យរាងកាយផលិតសារធាតុ Glutathione ដែលជាសារធាតុចាំបាច់បំផុតសម្រាប់ថ្លើម ក្នុងការចម្រោះយកជាតិពុលដែលមានគ្រោះថ្នាក់ចេញពីរាងកាយ។
៦. រមៀត
រមៀតគឺជាគ្រឿងទេសលេខមួយសម្រាប់សុខភាពថ្លើម។ វាជួយកាត់បន្ថយការរលាក និងជួយឱ្យថ្លើមបង្កើតកោសិកាថ្មីឡើងវិញបានយ៉ាងឆាប់រហ័ស។
៧. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ជាពិសេសគ្រាប់ Walnut សម្បូរទៅដោយអាស៊ីតអាមីណេ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយដល់ថ្លើមក្នុងការបន្សាបជាតិអាម៉ូញាក់ និងជាតិពុលដទៃទៀត។
គន្លឹះបន្ថែមសម្រាប់សុខភាពថ្លើម ៖
–កាត់បន្ថយគ្រឿងស្រវឹង៖ ព្រោះវាជាសត្រូវធំបំផុតដែលបំផ្លាញកោសិកាថ្លើម។
–ផឹកទឹកឱ្យបានច្រើន៖ ទឹកជួយសម្រួលដល់ដំណើរការចម្រោះជាតិពុលនៃថ្លើម។
–ហាត់ប្រាណឱ្យបានទៀងទាត់៖ ដើម្បីកាត់បន្ថយជាតិខ្លាញ់កកក្នុងថ្លើម។
ថ្លើមរឹងមាំ ជីវិតមានកម្លាំង! ចាប់ផ្តើមថែរក្សាថ្លើមរបស់អ្នកពីថ្ងៃនេះ ដោយការជ្រើសរើសអាហារដ៏ត្រឹមត្រូវ។